ដ្បិតជាអ្នកជំនួញប៉ុន្ដែលោកដូណាល់ ត្រាំទទួលបានប្រជាប្រិយភាពស្ទើមិននឹកស្មានដល់ រហូតក្លាយជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋ។ការគាំទ្រមិនមែនតែប្រជាជនអាមេរិកទេ សូម្បីថ្នាក់ដឹកនាំអន្ដរជាតិមួយចំនួនក៏គាំទ្រលោកដែរ។
ក្នុងនោះមានលោកហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទស្សនៈថា “សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យលោកដូណាល់ ត្រាំឈ្នះការបោះឆ្នោត។ប្រសិនបើលោកត្រាំឈ្នះ ពិភពលោកអាចផ្លាស់ប្ដូរ ហើយអាចល្អប្រសើរជាងមុន ព្រោះលោកត្រាំជាអ្នកជំនួញ ហើយអ្នកជំនួញមិនចង់ឲ្យមានសង្គ្រាមទេ។”
ក្រៅពីនេះនៅមានអតីតនាយករដ្ឋមន្ដ្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បង្ហាញជំហរគាំទ្រលោកដូណាល់ ត្រាំដូចគ្នា។លោកថាបើសិនអ្នកជំនួញអាចធ្វើជាថ្នាក់ដឹកនាំ វាជារឿងល្អប្រសើរព្រោះអាចជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន។
ដោយឡែកមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនវិញបាននិយាយាថា លោកត្រាំមិនមែនជាមនុស្សក្រឡេចក្រឡុច មិនមែនជាមនុស្សគ្មានហេតុផល ហើយក៏មិនមែនជាមនុស្សល្ងង់ដែរ ផ្ទុយទៅវិញលោកជាអ្នកនយោបាយវៃឆ្លាត និងជាបេក្ខភាពប្រធានាធិបតីដឹងពីសភាពការណ៍។
រីឯប្រធានាធិបតីហ្ស៊ីមបាវ៉េលោករ៉ូបឺត មួហ្កាបេនិយាយថា នៅពេលលោកត្រាំជាប្រធានាធិបតីអាមេរិក នោះនឹងអាចមានមិត្ដភាពកាន់តែជិតស្និទ្ធជាមួយលោក។ថ្នាក់ដឹកនាំមួយរូបទៀតគឺប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីនបានថ្លែងដូច្នេះថា “លោកដូណាល់ ត្រាំជាមនុស្សរស់រវើកនិងមានទេពកោសល្យ វាគ្មានអ្វីគួរសង្ស័យទេ។”លោកចង់ផ្លាស់ប្ដូរទៅរកទំនាក់ទំនងថ្មី ទំនាក់ទំនងកាន់តែជ្រាលជ្រៅជាងមុនជាមួយរុស្ស៊ី។ដូច្នេះហេតុអ្វីរុស្ស៊ីមិនស្វាគមន៍លោកត្រាំ?រុស្ស៊ីស្វាគមន៍ជានិច្ចការរឹតចំណងមិត្ដភាពជាមួយអាមេរិក៕