វេទិការជួបជុំចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីហ៊ីលឡារី គ្លីនតុន បានប្រារព្ធធ្វើឡើងនៅយប់ថ្ងៃចន្ទក្នុងក្រុងPhiladelphiaរដ្ឋPennsylvaniaសហរដ្ឋអាមេរិក។មនុស្សយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ហើយអ្វីដែលពិសេសមិនមែនមានតែលោកស្រីគ្លីនតុនប៉ុណ្ណោះទេដែលបានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោកស្រីមានវត្ដមាននៅទីនោះជាមួយស្វាមីនិងកូនស្រី រួមជាមួយប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ានិងលោកស្រីមីហ្សែល អូបាម៉ាផងដែរ។
ថ្លែងទៅកាន់អ្នកគាំទ្រ កូនស្រីរបស់លោកស្រីហ៊ីលឡារី គ្លីនតុនបានលើកឡើងថា មានមោទនភាពយ៉ាងខ្លាំងដែលម្ដាយរបស់ខ្លួនបានក្លាយជាបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាព ជាម្ដាយដ៏អស្ចារ្យ ប្របកដោភាពវៃឆ្លាត។ចំណែកលោកប៊ីល គ្លីនតុនជាស្វាមីរបស់លោកស្រីគ្លីនតុន ក៏បានកោតសរសើដល់លោកស្រីគ្លីនតុន និងបញ្ជាក់ដូចកូនស្រីដែរថា លោកពិតជាសប្បាយចិត្ដដែលមានភរិយាដ៏ល្អ បានខិតខំព្យាយាមមិនខ្លាចនឿយហត់បម្រើប្រទេសជាតិក្រៅតែពីគ្រួសារ។
មិនត្រឹមតែទទួលបានការគាំទ្រនិងអបអរពីក្រុមគ្រួសារ លោកស្រីគ្លីនតុនបានទទួលការកោតសរសើរពីស្ដ្រីទីមួយអាមេរិកផងដែរ គឺលោកស្រីមីហ្សែល អូបាម៉ា បានឡើងថ្លែងសុន្ទរកថាបន្ទាប់ពីលោកប៊ីល គ្លីនតុន លើវេទិកាមានអ្នកគាំទ្រព័ទ្ធជុំវិញស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។លោកស្រីមីហ្សែល អូបាម៉ាបាននិយាយថា លោកស្រីគ្លីនតុនជាស្ដ្រីអស្ចារ្យ លោកស្រីបានលះបង់គ្រប់យ៉ាងដើម្បីជួយអាមេរិកនិងប្រជាជនអាមេរិក។ហេតុនេះប្រជាជនអាមេរិកត្រូវតែធ្វើគ្រប់យ៉ាង ជួយឲ្យលោកស្រីគ្លីនតុនក្លាយជាប្រធានាធិបតី។លោកស្រីមីហ្សែលអះអាងថា លោកស្រីគ្លីនតុននឹងឈ្នះការបោះឆ្នោត។
មិនខុសគ្នាពីភរិយា លោកបារ៉ាក់ អូបាម៉ាប្រធានាធិបតីអាមេរិកក៏កោតស្ញប់ស្ញែងដល់លោកស្រីគ្លីនតុន។លោកអូបាម៉ាបង្ហាញការគាំទ្រនិងភាពជឿជាក់ថា លោកស្រីគ្លីនតុនអាចដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន។ក្នុងនាមជាស្ដ្រីដែលប្រកបដោយភាពវ័យឆ្លាត លោកស្រីគ្លីនតុននឹងជាក្លាយជាប្រធានាធិបតីដ៏ល្អមួយរូបបើប្រជាជនអាមេរិកជ្រើសរើសលោកស្រី។ដូច្នេះបើចង់បានមេដឹកនាំល្អត្រូវតែបោះឆ្នោតឲ្យលោកស្រីគ្លីនតុន។លោកអូបាម៉ាក៏ជឿជាក់ថាលោកស្រីគ្លីនតុននឹងឈ្នះការបោះឆ្នោតដែរ។
ក្រៅពីអ្នកគាំទ្រ ការជូនពរពីក្រុមគ្រួសារ ពីស្ដ្រីទីមួយអាមេរិក ពីប្រធានាធិបតីអាមេរិក ធ្វើឲ្យលោកស្រីគ្លីនតុនរឹតតែមានកម្លាំងចិត្ដបន្ថែម។ចុងបញ្ចប់លោកស្រីគ្លីនតុនបានថ្លែងទៅកាន់អ្នកគាំទ្រជាមួយភាពរីករាយឥតឧបមា។លោកស្រីអរគុណដល់ប្រជាជនអាមេរិកនៅPhiladelphiaដែលគាំទ្រលោកស្រី ហើយលោកស្រីប្ដេជ្ញានឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដឹកនាំប្រទេស នៅពេលជាប់ជាប្រធានាធិបតីអាមេរិក។លោកស្រីក៏ជឿជាក់លើខ្លួនឯងដែរថានឹងឈ្នះការបោះឆ្នោត៕