អនាគត​​ប្រធានាធិបតី​​អាមេរិក​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​​និង​លោក​​សម រង្ស៊ី​ផ្លោង​​សម្តី​​ដាក់គ្នា​​

07-11-2016 5:23 pm 1671

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បន្ទោស​បង្អាប់ ទៅកាន់​អ្នកនយោបាយ និង​អ្នកវិភាគ នយោបាយ​មួយ​ចំនួន​ថា បើ​មិន​ច្បាស់​រឿង​នយោបាយ កុំ​ធ្វើ​នយោបាយ​។ ការលើកឡើង បែបនេះ បន្ទាប់​ពី លោក​សម រង្ស៊ី មេគណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា លោក ដូ​ណា​ល់​ត្រាំ ជា​មនុស្ស​ផ្ដាច់ការ ទើប​បានជា​លោក​ហ៊ុន សែន​គាំទ្រ​។ ការ​ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​គរុ​និស្សិត និង​និស្សិត​នៃ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល បច្ចេកទេស នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ ។

​មុន​មួយ​ថ្ងៃ​នៃ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន ប្រធានាធិបតី​អាមេរិក​មក​ដល់ ទាំង​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក សុទ្ធ​តែ​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​បេក្ខជន ដណ្តើម​តំណែង​ប្រធានាធិបតី​អាមេរិក គឺ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​លោក​ដូណាល់ ត្រាំ​។ ជាមួយគ្នា​នេះ​ផង​ដែរ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បានបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា លោក​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។​

​ថ្លែង​បង្ហាញ​មូលហេតុ​នៅ​ចំពោះមុខ​និស្សិត​នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ពន្យល់ថា ប្រសិន​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជាប់ឆ្នោត ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ទំនាក់​រវាង​អាមេរិក និង​រុស្ស៊ី​នឹង​មាន​ការលំបាក​។ បើសិនជា ត្រាំ ឈ្នះ វា​អាច​ទៅ​ជា​មិត្តភក្ដិ​រវាង ត្រាំ និង ពូ​ទីន ទៅវិញ។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា នេះ​ជា​ការវិភាគ​របស់លោក​ទេ​។ លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ចោទថា លោក ដូ​ណា​ល់​ត្រាំ ជា​មនុស្ស​ផ្ដាច់ការ ទើប​បានជា​លោក​ហ៊ុន សែន​គាំទ្រ​? លោក​ហ៊ុន សែន បានបញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចាប់អារម្មណ៍ ចំពោះ​ការបោះឆ្នោត​នៅ អាមេរិក ពីព្រោះ​អាមេរិក​ជា​ប្រទេស​មហាអំណាច ហើយ​វា​អាច​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល រួម​ទាំង​កម្ពុជា​ផង​។ ដូច្នេះ​លោក​បាន​ថ្លែង ទៅកាន់​អ្នកនយោបាយ ដែល​គេ​អាច​ដឹង​បាន​ថា ជា​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា «​បើ​មិន​ច្បាស់​រឿង​នយោបាយ កុំ​ធ្វើ​នយោបាយ​»

​សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ ទី ៩ វិច្ឆិកា ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កាលបរិច្ឆេទ​ផ្លូវការ នៃ​ការបោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​។ បេក្ខភាព​ពីររូប ដែល​កំពុង​ប្រណាំងប្រជែង​គ្នា​ខ្លាំង​ដ​ណ្តើ​គ្រោង​សេត​វិមាន​ប្រធានាធិបតី អាមេរិក គឺ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូ​ណា​ល់ ត្រាំ បេក្ខភាព​មក​ពី​គណបក្ស​សាធារណៈរដ្ឋ នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ បន្ទាប់ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​

​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បង្ហាញ​ពី​ទស្សន ជុំវិញ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឲ្យចំ ចំពោះ​បេក្ខជន​ដណ្តើម​តំណែង​ប្រធានាធិបតី ដូច​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ​។​

​លោក​កឹម​សុខា បានសរសេរថា "​ខ្ញុំ​យល់ឃើញថា សម្រាប់​បុគ្គល​ម្នាក់ៗ ផ្ទាល់ខ្លួន យើង​អាច​បង្ហាញ​ពី​ការគាំទ្រ ឬ មិន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ណា​ម្នាក់​នៃ​ការបោះឆ្នោត​នៅ សហរដ្ឋអាមេរិក​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នាពេល​ខាងមុខ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាមេរិក​"​។​

​លោក​កឹម សុខា បន្ថែមថា "​ក៏ប៉ុន្ដែ ខ្ញុំ​យល់ឃើញថា ទោះបីជា​បេក្ខជន​ណាក៏ដោយ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ក្នុងនាម​ស្ថាប័នរដ្ឋ ក៏ដូចជា​ក្នុងនាម​គណបក្ស​នយោបាយ យើង​គួរ​បន្ដ​កិច្ចសហប្រតិបត្ដិការ​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ផលប្រយោជន៍​ប្រទេស ប្រជា​ពលរដ្ឋ​ខ្មែរ និង​ផលប្រយោជន៍​ពិភពលោក​"​។​

​ផ្ទុយ​ពី​លោក​កឹម សុខា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​បាន​ចាត់ទុក​លោក​ដូណាល់ ត្រាំ ថា ជា​ជន​ផ្តាច់ការ ទើប​ធ្វើឲ្យ​លោក​ហ៊ុន សែន និង​មេ​ដឹក​ប្រទេស​មួយចំនួន​ដែល​ជា​ប្រទេស​ផ្តាច់ការ​គាំទ្រ​លោក​ត្រាំ​។ ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​អះអាង​ថា “​បក្សី​ដែលមាន​រោម​ដូចគ្នា វា​នៅ​ផ្ដុំ​ជាមួយគ្នា​។ លោក ត្រាំ ហាក់​ជឿជាក់​លើ​អំណាច​ផ្ដាច់ការ​របស់​លុយ ហើយ​លោក ហ៊ុន សែន ហាក់​ជឿជាក់​អំណាច​ផ្ដាច់ការ​របស់​កាំភ្លើង​បូករួម​ជាមួយ​នឹង​លុយ​។ ត្រាំ និង​លោក ហ៊ុន សែន ពិតជា​មិន​មែន​អ្នក​ប្រជា​ធ​បិតេ​យ្យ​នោះ​ទេ​”៕

(ដោយ គួន សំបូរ​)

 


 ពាក្យគន្លឹះ  បោះឆ្នោតនៅអាមេរិក

ព័ត៌មានផ្សេងទៀត