កូរ៉េខាងត្បូង៖​កូរ៉េខាងជើង​​គំរាម​បាញ់​មី​ស៊ី​លនៅថ្ងៃ​អាមេរិក​បោះឆ្នោត​

07-11-2016 3:24 pm 3562
លោកគីម ជុងអ៊ុន​កំពុងបញ្ជាឲ្យមន្ដ្រីយោធាអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ

​យោធា​កូរ៉េខាងត្បូង​កំពុង​ស្ថិត​ក្នុង​ការប្រកាស​អាសន្ន ខណៈ​ដែល​កូរ៉េ​ខាងជើង​បាន​គំរាម​នឹង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម នៅ​ថ្ងៃ​អាមេរិក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​គឺ​នៅ​ថ្ងៃ​ទី​០៨​វិច្ឆិកា​។​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប្រភេទ​Musudan​ឬ​BM-35 ជា​មី​ស៊ី​ល​ផ្លោង​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​៣,៥០០​គីឡូម៉ែត្រ​។​ជា​ចម្ងាយ​សមល្មម​អាច​បាញ់​ដល់​កោះ​Guam​របស់​អាមេរិក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ទីក្រុង​ព្យុងយ៉ាង​ចង់​ផ្ញើ​សារ​ទៅ​ប្រធានាធិបតី​ថ្មី​អាមេរិក ថា​កូរ៉េ​ខាងជើង​មិន​បោះបង់​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​ជាដាច់ខាត ទោះបី​អន្ដរជាតិ​ដាក់ទណ្ឌកម្ម​និង​ថ្កោលទោស​ក៏ដោយ​។​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ដ្បិត​ចង់​គំរាម​ដល់​អាមេរិក ប៉ុន្ដែ​កូរ៉េខាងត្បូង​ត្រៀម​ខ្លួន​ដោយសារ​វា​ជា​ការគំរាមកំហែង​ដល់​សន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល​។​ម្យ៉ាង​កូរ៉េខាងត្បូង​កំពុង​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ស្រាប់​ផង ហេតុ​នេះ​ត្រូវតែ​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​មន្ដ្រី​កូរ៉េខាងត្បូង​ម្នាក់​លើកឡើងថា “​យើង​បាន​នឹង​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់ រាល់​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង នៅ​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​។​យោធា​កូរ៉េខាងត្បូង​បាន​រៀបចំ​រួចជាស្រេច​ត្រៀម​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​បង្កហេតុ​ណាមួយ​របស់​កូរ៉េខាងជើង​។​”​មិន​ត្រឹមតែ​កងទ័ព​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ កងទ័ព​អាមេរិក​ប្រចាំការ​នៅ​កូរ៉េខាងត្បូង បានឲ្យដឹង​ថា​ពួកគេ​កំពុង​ប្រើប្រាស់​ធនធាន​ដែល​មាន​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន​លើ​សកម្មភាព​ធ្វើតេស្ដ​មី​ស៊ី​ល​កូរ៉េខាងជើង​។​

សូមបញ្ជាក់​ថា កូរ៉េខាងត្បូង​មិនមែន​ត្រៀម​តែ​ផ្នែក​កងទ័ព​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ កូរ៉េខាងត្បូង​គ្រោង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​លើ​ទឹកដី​របស់​ខ្លួន​បន្ថែម​ទៀត​។​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាន​ព្រមព្រៀង​ជាមួយ​អាមេរិក​រួចហើយ  គ្រោង​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​ចន្លោះ​ពី​០៨​ទៅ​១០​ខែ​ខាងមុខ​៕

 ពាក្យគន្លឹះ  កូរ៉េខាងត្បូង

ព័ត៌មានផ្សេងទៀត