លោក​មុំ គង់​៖​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​កំពុង​បំពាន​ច្បាប់​ស្តីពី​ថ្នាំជក់​

06-11-2016 3:11 pm 1815

​ក្រោយ​ការប្រកាស​ឲ្យ​អនុវត្ត ច្បាប់​ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ កាលពី​ខែ​កក្កដា​មក គេ​សង្កេតឃើញថា នៅ​មិនទាន់​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ ទាំង​ក្រុមហ៊ុន​ផលិត​ថ្នាំជក់ និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​។ ទាក់ទង​នឹង​បញ្ហា​នេះ កន្លងមក ក្រសួង​សុខាភិបាល ក៏​ធ្លាប់​បាន​ចេញ​លិខិត​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម មួយចំនួន ដែល​នៅ​មិនទាន់​បោះពុម្ភ​សារព្រមាន​សុខភាព ទាំង​រូប និង​អក្សរ​នៅលើ​កញ្ចប់​បារី​។ ទាំងនេះ គឺជា​សកម្មភាព​ផ្ទុយ​ពីអ្វី ដែល​ច្បាប់​បានកំណត់​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ​។​

សំឡេង​

​លោក​មុំ គង់ បាន​បន្ត​ថា​គោលបំណង​សំខាន់ នៃ​ការកំណត់​ឲ្យ​គ្រប់​កញ្ចប់​បារី មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ គឺ​ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី របស់​អ្នក​ជក់បារី ឲ្យ​ពួកគាត់​មាន​ការ​ខ្លាចរអា ចំពោះ​ការជក់បារី និង​ដើម្បី​បង្ការ​កុមារ កុំឲ្យ​ចាប់ផ្តើម​ជក់បារី​។​

សំឡេង

​សូមបញ្ជាក់​ថា ច្បាប់​ស្តីពី​ការពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​តម្រូវឲ្យ​ម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់ ទាំងអស់ ដែល​ចរាចរ​ក្នុងប្រទេស​កម្ពុជា ត្រូវ​បោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព​ទំហំ​៥៥% លើ​ផ្ទៃ​នៃ​កញ្ចប់​បារី​។ មិន​ត្រូវ​បិទ​ផ្សាយ​នូវ​ផ្ទាំង​បដា ឬ​រូបភាព​ផ្សេងៗ ដែល​ស្ថិត​ក្នុង​ទម្រង់​នៃ ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ រួម​នឹង​បិទ​ស្លាក​សញ្ញា ហាម​ជក់បារី និង​មិន​ត្រូវ​តាំង​បង្ហាញ ប្រដាប់​គោះ​បារី​។​

រាល់​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ខាងលើនេះ សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ពី​២​លាន​រៀល និង​អ្នកលក់ដូរ​តាម​តូប​តូចៗ ពិន័យ​១​ម៉ឺន​រៀល​។ ដោយឡែក ម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​ព្រម​បោះពុម្ភ​សារព្រមាន​សុខភាព ជា​រូបភាព គឺ​នឹង​ពិន័យ​រហូតដល់​៤​លាន​រៀល​។ ករណី​មិន​រៀងចាល នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត