ចិន​ជំរុញ​ជា​ថ្មី​​ឲ្យ​អាមេរិក​​បញ្ឈប់​ផែនការ​​ដំឡើង​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​នៅ​កូរ៉េខាងត្បូង​

05-11-2016 9:32 am 3913
អ្នកនាំពាក្យ​ក្រសួងការបរទេសចិនអ្នក​ស្រីHua Chunying

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅលើ​ឧបទ្វីប​កូរ៉េ​។​បើ​តាម​មេបញ្ជាការ​កងទ័ព​អាមេរិក​មួយរូប​ប្រចាំ​កូរ៉េខាងត្បូង​បាន​និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​លអាច​នឹង​ត្រូវ​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​រយៈពេល​០៨​ទៅ​១០​ខែ​ខាងមុខ​នេះ​ហើយ​។​

ក្រោយ​ទទួលដំណឹង​នេះ​ភ្លាម ចិន​បាន​ទទូច​ជា​ថ្មី​ឲ្យ​បញ្ឈប់​បន្ទាប់ពី​ការស្នើសុំ​លើ​ក​មុន ព្រោះ​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​ធ្វើ​តុល្យភាព​យុទ្ធសាស្ដ្រ​ក្នុង​តំបន់​ធ្លាក់ចុះ បង្ក​មហន្ដរាយ​ដល់​ផលប្រយោជន៍​សន្ដិសុខ​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​។​នេះ​ជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នក​ស្រីHua Chunying​។​

លោកស្រី​បន្ថែមថា ព្រ័ន្ធ​ការពារមី​ស៊ីល​ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្ដិភាព​និង​ស្ថេរភាព​លើ​ឧបទ្វីប​កូរ៉េ​។​ចិន​ពិតជា​បារម្ភ​ខ្លាំងណាស់​ពី​បញ្ហា​នេះ ហើយ​ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​រក្សា​ផលប្រយោជន៍​សន្ដិសុខ​ក្នុង​តំបន់​។​

ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​ដែល​គ្រោង​ដំឡើង​នៅ​កូរ៉េខាងត្បូង អាមេរិក​បាន​អះអាង​ថា​ដើម្បី​ការពារ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ដបន្ទាប់​។​កូរ៉េខាងត្បូង​ជា​សម្ព័ន្ធមិត្ដ​អាមេរិក ហេតុនេះ​អាមេរិក​មិនឲ្យ​កូរ៉េខាងត្បូង​រងគ្រោះ​ទេ​។​ម្យ៉ាង​ដើម្បី​រក្សា​សន្ដិភាព​និង​សន្ដិសុខ​ក្នុង​តំបន់ ចាំបាច់​ត្រូវ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល វា​មិន​បាន​គំរាមកំហែង​ឬ​មាន​ផលប៉ះពាល់​ដល់​ប្រទេស​ណា​ឡើយ​៕


 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត