លោក​ហ៊ុន សែន និង​លោក​កឹម សុខា​​បង្ហាញទស្សនៈ​​​ផ្ទុយ​គ្នា​​ចំពោះ​បេក្ខជន​​ប្រធានាធិបតី​​អាមេរិក​​

04-11-2016 12:11 pm 5572

​មុន​បួន​ថ្ងៃ​នៃ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ដល់ ទាំង​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធតែ​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​បេក្ខជន​ដណ្តើម​តំណែង​ប្រធានាធិបតី​អាមេរិក គឺ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​លោក​ដូណាល់ ត្រាំ​។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​កឹម សុខា​បង្ហាញ​ជំហរ​ផ្ទុយគ្នា​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​។


​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ដោយ​បង្ហាញ​ពី​ទស្សន ជុំវិញ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដែល​នឹង​មកដល់​នា​ពេលខាងមុខ​នេះ​។ ប៉ុន្តែ​ប្រធានស្តីទី​គណបក្ស​ប្រឆាំង​រូបនេះ មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឲ្យចំ​ចំពោះ​បេក្ខជន​ដណ្តើម​តំណែង​ប្រធានាធិបតី ដូច​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ​។​

​បើ​តាម​លោក​កឹម សុខា បាន​លើកឡើង​ថា “​ខ្ញុំ​យល់ឃើញថា សម្រាប់​បុគ្គល​ម្នាក់ៗ ផ្ទាល់ខ្លួន យើង​អាច​បង្ហាញ​ពី​ការគាំទ្រ ឬ មិន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី ណា​ម្នាក់​នៃ​ការបោះឆ្នោត នៅ​សហរដ្ឋអាមេរិក ។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​នូវ​លទ្ធផល​នៃ​ការ បោះឆ្នោត​នា​ពេលខាងមុខ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​អាមេរិក​” ។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក​បាន​បញ្ជាក់ថា ទោះបីជា​បេក្ខជន​ណាក៏ដោយ ជាប់ឆ្នោត​ជា​ប្រធានាធិបតី នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ក្នុងនាម​ស្ថាប័នរដ្ឋ ក៏​ដូចជា​ក្នុង​នាម គណបក្ស​នយោ​បាយ គួរ​បន្ដ​កិច្ចសហប្រតិបត្ដិការ ជាមួយ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ផលប្រយោជន៍​ប្រទេស ប្រជា​ពលរដ្ឋ​ខ្មែរ និង​ផលប្រយោជន៍​ពិភពលោក​។​

​សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ ទី ៩ វិច្ឆិកា ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កាលបរិច្ឆេទ​ផ្លូវការ នៃ​ការបោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​។ បេក្ខភាព​ពីររូប ដែល​កំពុង​ប្រណាំងប្រជែង​គ្នា​ខ្លាំង​ដ​ណ្តើ​គ្រោង​សេត​វិមាន​ប្រធានាធិបតី​អាមេរិក គឺ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូ​ណា​ល់ ត្រាំ បេក្ខភាព​មក​ពី​គណបក្ស​សាធារណៈរដ្ឋ នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ បន្ទាប់ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា បានបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា លោក​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។ ដោយ​លោក​យល់ថា ប្រសិនបើ​បេក្ខជន​រូបនេះ​ក្លាយ​ជា​ប្រធានាធិបតី សភាពការណ៍​ពិភពលោក នឹង​វិវឌ្ឍន៍​ទៅរ​កស​ភាពល្អប្រសើរ និង​គ្មាន​សង្គ្រាម​កើតឡើង ដោយហេតុ​ថា​លោក​ត្រាំ ជា​អ្នកជំនួញ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក​។ ផ្ទុយទៅវិញ​បើ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​អ្នកឈ្នះ​វិញ នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ យល់ថា ស្ថានការណ៍​នៅ​លើ​ពិភពលោក​អាច​នឹង​ស្មុគស្មាញ​ខ្លាំង​៕

(ដោយ គួន សំបូរ​)

 

 

 ពាក្យគន្លឹះ  បោះឆ្នោត​នៅអាមេរិក

ព័ត៌មានផ្សេងទៀត