យុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិកកំពុងតែបន្ដ ខណៈការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ការស្ទង់មតិបង្ហាញថាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន មានសំឡេងគាំទ្រ៤៧ភាគរយជាមធ្យម រីឯលោកដូណាល់ ត្រាំបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ មានសំឡេងគាំទ្រ៤៥.៣ភាគរយ។ភាពខុសគ្នាកាត់តែតិចមែនទែនគឺត្រឹម១.៧ភាគរយប៉ុណ្ណោះ។
ទន្ទឹមនឹងលទ្ធផលនៃការស្ទង់មតិ បេក្ខជនប្រធានាធិបតីទាំងពីររូបបានវាប្រហារគ្នាទៅវិញទៅមកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ថ្លែងពីរដ្ឋFloridaលោកដូណាល់ ត្រាំបានលើកឡើងពីការស៊ើបអង្កេតរបស់FBIទៅលើការប្រើប្រាស់អ៊ីមែលរបស់លោកស្រីគ្លីនតុន នៅពេលលោកស្រីបម្រើការជារដ្ឋមន្ដ្រីការបរទេស។លោកត្រាំសង្កត់ធ្ងន់ថា លោកស្រីគ្លីនតុនមិនអាចអនុញ្ញាតឲ្យធ្វើជាប្រធានាធិបតីបានទេ ព្រោះមានរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធបទឧក្រិដ្ឋកម្ម។
ចំណែកលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានថ្លែងក្នុងពេលជួបជុំអ្នកគាំទ្រលោកស្រីគ្លីនតុននៅរដ្ឋFloridaថា លោកត្រាំពិតជាគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំបានឡើយ។សម្រាប់លោកនៅតែគាំទ្រដល់លោកស្រីគ្លីនតុនជានិច្ចរហូតដល់ថ្ងៃធ្វើយុទ្ធនាការចុងក្រោយ ព្រោះលោកជឿជាក់ថាលោកស្រីគ្លីនតុនអាចដឹកនាំប្រទេសបាន។នេះជាការបង្ហាញពីគោលជំហរផ្ទាល់ខ្លួន។
ចំពោះលោកស្រីហ៊ីលឡារី គ្លីនតុនធ្លាប់ឆ្លើយតបពាក្យរិះគន់របស់លោកដូណាល់ ត្រាំថា លោកត្រាំមាក់ងាយលើស្ដ្រី ហើយលោកធ្លាប់មានរឿងអាស្រូវផ្លូវភេទទៀត។ក្រៅពីនេះនៅមានគោលនយោបាយមួយចំនួនទៀតដែលមិនអាចទទួលយកបាន។លោកស្រីគ្លីនតុនធ្លាប់និយាយដូចគ្នាថា លោកត្រាំក៏គ្មានសមត្ថភាពធ្វើជាប្រធានាធិបតីអាមេរិកដែរ។
ថ្ងៃបោះឆ្នោតខិតកាន់តែជិត អ្នកគាំទ្របេក្ខជនប្រធានាធិបតីទាំងពីររូបភ័យផងអរផង។ប៉ុន្ដែអ្នកគាំទ្រលោកស្រីគ្លីនតុនមួយចំនួន ហាក់បារម្ភច្រើនជាងសប្បាយចិត្ដ ព្រោះខ្លាចការស៊ើបអង្កេតរបស់FBI ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព។បច្ចុប្បន្នសំឡេងគាំទ្រលោកស្រីក៏រងឥទ្ធិពលខ្លះៗដែរពីរឿងអាស្រូវនេះ ធ្វើឲ្យសំឡេងគាំទ្រធ្លាក់ចុះ៕