លោក​អូ​បា​ម៉ា​​ឲ្យ​អ្នកគាំទ្រ​​កុំ​រែកចិត្ដ​​បោះឆ្នោត​​ជ្រើសរើស​​លោក​ស្រីគ្លីន​តុន​​ជា​ប្រធានាធិបតី​

03-11-2016 9:21 am 4245
លោកអូបាម៉ាថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុន

​ប្រធានា​ធិបតីអាមេរិក​លោក​បារ៉ាក់ អូ​បា​ម៉ា បានដាក់​សម្ពាធ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាធិតេយ្យ ទាំង​ស្បែក​ស​និង​ស្បែក​ខ្មៅ​ត្រូវ​បោះឆ្នោត​គាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​ព្រមាន​ថា​លោក​ដូណាល់ ត្រាំ​គំរាមកំហែង​ដល់​សិទ្ធិ​ស៊ីវិល ប្រទេសជាតិ និង​ពិភពលោក​។​លោក​បាន​លើកឡើង​ថា​ការបោះឆ្នោត​ពិត​ជា​សំខាន់ ហើយ​ជ្រើសរើស​ថ្នាក់ដឹកនាំ​រឹតតែ​សំខាន់ បើ​ជ្រើសរើស​ត្រូវ​ប្រទេស​រីកចម្រើន បើ​ជ្រើសរើស​ខុស​ត្រូវ​ជួប​ភាពវឹកវរ​។​

លោក​និយាយ​ដូច្នេះ​ថា “​ខ្ញុំ​មិនមែន​នៅលើ​សន្លឹកឆ្នោត​ទេ ប៉ុន្ដែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ភាពត្រឹមត្រូវ​គឺ​នៅ​លើ​ការបោះឆ្នោត​។​សុភាវធម៌​គឺ​ស្ថិតនៅ​លើ​ការបោះឆ្នោត​។​យុត្ដិធម៌​ស្ថិត​លើ​ការបោះឆ្នោត​។​វឌ្ឍនភាព​ស្ថិត​លើ​ការបោះឆ្នោត ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ក៏​ស្ថិត​លើ​ការបោះឆ្នោត​ដែរ​។​”​សម្រាប់​លោក​អូ​បា​ម៉ា​លោក​នៅតែ​ជឿជាក់​លើ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ព្រោះ​លោក​ស្គាល់​លោក​ស្រីគ្លីន​តុន​ច្បាស់​។​

​លោក​អូ​បា​ម៉ា​ក៏​បង្ហាញ​ការមិនពេញចិត្ដ​ចំពោះ​FBI ដែល​ប្រកាស​សើរើស៊ើបអង្កេតឡើងវិញ​ករណី​ប្រើប្រាស់​អ៊ីមែល​ផ្ទាល់ខ្លួន​របស់​លោក​ស្រីគ្លីនតុន ខណៈ​ការបោះឆ្នោត​ខិត​ជិត​មក​ដល់​។​លោក​ថា​មិន​ចង់​ជ្រៀត​ជ្រែង​ការ​អនុវត្ដ​ច្បាប់​ទេ ប៉ុន្ដែ​ការស៊ើបអង្កេត​គួរ​ធ្វើ​មើល​ពេលវេលា​ផង ធ្វើឡើង​ដោយ​សុក្រឹត​ត្រឹមត្រូវ កុំ​គំរាមកំហែង ជាជាង​ការពិត​ជាក់ស្ដែង ដើម្បី​បញ្ចុះបញ្ចូល​សាធារណជន​លើ​ករណី​លោក​ស្រីគ្លីន​តុ​ន​។​ក្រៅពី​លោក​អូ​បា​ម៉ា​អ្នកគាំទ្រ​លោក​ស្រីគ្លីន​តុន​មួយចំនួនក៏​បង្ហាញកា​រមិន​ពេញចិត្ដ​ដូចគ្នា​ ព្រោះការស៊ើបអង្កេត​របស់​FBI​នៅពេលនេះ ​ហាក់ជារឿង​នយោបាយ​​ច្រើន​ជាង​ការអនុវត្ដ​ច្បាប់។

សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​​អាមេរិក នឹង​ប្រព្រឹត្ដទៅ​​នៅ​ថ្ងៃ​ទី​០៨​​ខែ​វិច្ឆិកា​នេះ​៕

ព័ត៌មានផ្សេងទៀត