ទាហានជើងទឹក​កម្ពុជា និង​អាមេរិក នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ពេញ​មួយ​សប្តាហ៍​

01-11-2016 4:27 pm 1185

​ទាហានជើងទឹក​កម្ពុជា និង​អាមេរិក បាន​ធ្វើ​សមយុទ្ធ​រួមគ្នា ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​២០១០​។ ជា​សមយុទ្ធ​ដែល​មានឈ្មោះ​ថា CARAT ក្នុង​ការហ្វឹកហ្វឺន​ទ្វេភាគី​មួយ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​លើក​កំពស់​សន្តិសុខ​លំហ​សមុទ្រ រវាង​កងទ័ព​ជើង​ទឹក​នៃ​សហរដ្ឋអាមេរិក និង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​កម្ពុជា​។​

​ឆ្នាំ​នេះ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​លើក​ទី​៧ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ ក្រុម​ទាហាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នឹង​ចូលរួម​ជាមួយ​ស​ម​ភាគី​កម្ពុជា នៅក្នុង​ការហ្វឹកហ្វឺន ទៅលើ​ផ្នែក​បញ្ជាការ និង​គ្រប់គ្រង​យុទ្ធវិធី តាម​អង្គភាព​តូចៗ ប្រតិបត្តិការ​ឡើងគោក ការបង្ការ​ជំងឺ ការជួសជុល និង​ប្រើប្រាស់​ទូក​សំរាប់​ប្រតិបត្តិការ​។​

​លោក​វរសេនីយឯក Jeffrey Kilian មេបញ្ជាការ​នៃ​កងវរសេនាធំ​ទី ៣០ ផ្នែក​សំណង់​ជើង​ទឹក​របស់​អាមេរិក បានបង្ហាញ​ក្តី​រំពឹងថា សមយុទ្ធ​ពេញ​មួយ​សប្តាហ៍ គឺជា​ឱកាស​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ដ៏​យូរលុង​របស់​យើង ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។ មេបញ្ជាការ​អាមេរិក​រូ​ប​នេះ ចាត់ទុក​សមយុទ្ធ​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ដែល​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា ហើយ​ជា​គំរូ​មួយ​សម្រាប់​ឱ្យ​កងទ័ពជើងទឹក កង​ម៉ា​រី​ន​អាមេរិក និង​កង​យោធពលខេមរភូមិន្ទ ធ្វើការ​ជាមួយគ្នា ទាក់ទង​នឹង​អាទិភាព​នៃ​សន្តិសុខ​លំហ​សមុទ្រ ពង្រឹង​ទំនាក់ទំនង និង​លើក​កំពស់​អន្តរ​ប្រតិបត្តិការ​។​

​សមាសភាព​នៅក្នុង​សមយុទ្ធ​CARAT នៅ​កម្ពុជា សំ​រាប់​ឆ្នាំ ២០១៦​នេះ មាន​ការចូលរួម​ពី​ទាហាន​អាមេរិក​ចំនួន​ប្រមាណ​១៥០​នាក់ និង​ទាហាន​កម្ពុជា​ចំនួន ២០០ នាក់​។ CARAT​គឺជា​ឈ្មោះ​សំដៅ​សមយុទ្ធ​ទ្វេភាគី រវាង​កងទ័ពជើងទឹក​អាមេរិក​កង​ម៉ា​រី​ន​អាមេរិក និង​កងទ័ព​នៃ​ប្រទេស​មួយចំនួន​រួមមាន បង់​ក្លា​ដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​ទីម័​រខាង​កើត​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត