ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង បានឯកភាពនៅថ្ងៃទី២៧តុលានេះ ដោយព្រមធ្វើការរួមគ្នាដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលចោល។នេះបើតាមការបញ្ជាក់ពីអនុរដ្ឋមន្ដ្រីការបរទេសជប៉ុនលោកShinsuke Sugiyama។
ភាពតានតឹងលើឧបទ្វីបកូរ៉េបានកើនឡើងខ្លាំងក្នុងឆ្នាំនេះ ចាប់ផ្ដើមក្រោយពេលកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី០៤ក្នុងខែមករា បន្ទាប់មកមានការបង្ហោះផ្កាយរណប ការបាញ់មីស៊ីលជាច្រើនគ្រាប់ និងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី០៥កាលពីថ្ងៃទី០៩វិច្ឆិកា ធ្វើឲ្យអន្ដរជាតិកៀរគរគ្នាដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។
“យើងបានបញ្ជាក់ម្ដងទៀតពីភាពចាំបាច់ក្នុងការបង្កើនសម្ពាធប្រឆាំងកូរ៉េខាងជើង ឲ្យគេបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ហើយត្រូវទទួលស្គាល់ពីការដកហូតអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។”នេះជាសម្ដីអនុរដ្ឋមន្ដ្រីការបរទេសជប៉ុនប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងតូក្យូជាមួយអនុរដ្ឋមន្ដ្រីការបរទេសអាមេរិកAntony Blinken និងអនុរដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូងLim Sung-nam។
ជាការកត់សម្គាល់ ក្រៅពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក តែងតែសហការគ្នាប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ព្រោះមើលឃើញថាទង្វើកូរ៉េខាងជើងប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខលើឧបទ្វីបកូរ៉េនិងសន្ដិសុខពិភពលោក។
សូមបញ្ជាក់ថា រុស្ស៊ីនិងចិនជាសម្ព័ន្ធមិត្ដជិតស្និទ្ធជាមួយកូរ៉េខាងជើង បានជំរុញឲ្យចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សា០៦ភាគី ជជែកពីការដកហូតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។កិច្ចពិភាក្សាជាប់ពាក់ព័ន្ធនឹងជប៉ុន កូរ៉េខាងត្បូង អាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើងបានជាប់គាំងតាំងពីឆ្នាំ២០០៨។ហេតុនេះទើបមានការទទូចឲ្យចាប់ផ្ដើមឡើងវិញ ដើម្បីបន្ធូរបន្ថយស្ថានការណ៍លើឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅដោយសារកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង៕