លោក​​សួន សេរី​រដ្ឋា​​ហៅ​រឿង​​លោក​សម រង្ស៊ី​​ជា​ល្ខោន​​នយោបាយ​​«​​ឆ្មា​ខ្វាក់​​ប្រលែង​​កណ្តុ​រ​ងាប់​​»

26-10-2016 11:48 am 15266

“​បើ​សម រង្ស៊ី​ក្លាហាន ហើយ​ចង់​វិល​ចូល​មក​ប្រទេស​ខ្មែរ​វិញ មិនចាំបាច់​តែ​មក​តាម​ការ​ជិះ​យន្តហោះ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដាក់​បម្រាម លើ​ក្រុមហ៊ុន​យន្តហោះ​មិន​ដឹក​ខ្លួន (​សម រង្ស៊ី​)​នោះទេ គឺ​សម រង្ស៊ី អាច​ជិះ​យន្តហោះ​ចុះ​នៅ​ស្រុក​សៀម រួច​បន្ត​ដំណើរ​ពី​ស្រុក​សៀម ដោយ​រថយន្ត​ចូល​មក​ស្រុក​ខ្មែរ តាម​ច្រក​ផ្លូវគោក​បាន​ដែរ​តើ ! ។ នេះ​ជា​ការ​បង្ហោះ លើ​គណនី​ហ្វេ​សប៊ុក​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរី​រដ្ឋា​។​

 

​ប្រធាន​គណបក្ស​នយោបាយ​រូបនេះ បានឲ្យ​ដឹង​បន្ថែមថា “​តែ​នេះ​គឺជា​កា​សំដែង​ល្ខោន​នយោបាយ​រឿង «​ឆ្មា​ខ្វាក់ ប្រលែង​កណ្តុ​រងាប់​» ដែល​កណ្តុរ​វា​ងាប់​បាត់​ទៅ​ហើយ វា​មិន​អាច​កម្រើកខ្លួន​ធ្វើដំណើរ​ទៅ​ណា​មក​ណា​បាន​ទេ​។ ឆ្មា​ខ្វាក់ វា​បាន​ត្រឹមតែ​ស្ទាប​ខ្មោច​កណ្តុរ ហើយ​ទះ​ចុះ​ទះ​ឡើង​ប្រលែង​លេង​តែប៉ុណ្ណោះ ដើម្បី​ជួយ​សំដែង​ធ្វើយ៉ាងណា​ឲ្យ​អ្នក​តាមដាន​បន្ត​រអា​ណិ​ត​ខ្មោច​កណ្តុរ​។ ព្រោះ​មាន​តែ​កណ្តុរ​ងាប់​មួយ​ក្បាល​នេះ​ហើយ ដែល​អាច​ជួយ​កំដរ​សៃវៀន​ឲ្យ​ឆ្មា​ខ្វាក់​អាច​បន្តរ​អួតថា ខ្លួន​ជា​សត្វ​ឆ្មា​ដែល​នៅ​មាន​សមត្ថភាព​ចាប់​កណ្តុរ​នៅឡើយ​”​។

 

​ការលើក​ឡើង​យ៉ាង​ដូច្នេះ ហាក់​ចង់​ដៀមដាម ដាក់​ទាំង​ខាង​គណបក្ស​កាន់អំណាច និង​លោក​សម សម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី​ដែល​ថ្មីៗ​នេះ បានប្រកាស​ចង់​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ បន្ទាប់​ពី​និរទេស​ខ្លួនឯង រស់នៅ​បរទេស​អស់​រយៈពេល​១​ឆ្នាំ ដើម្បី​គេច​ពី​ការប៉ុនប៉ង​ចាប់ខ្លួន របស់​សមត្ថកិច្ច​កម្ពុ​ជា ពាក់ព័ន្ធ​សំណុំរឿង​ក្តី បរិហារ​លោក​ហោ ណាំហុង​។​

ក្រោយ​ប្រកាស​ចង់​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ចេញ​បញ្ជា​រារាំង​មិន​ឲ្យ​លោក​សម រង្ស៊ី​ចូល​ក្នុង​កម្ពុជា តាមរយៈ​ការ​ដាក់​បំរាម​ចំនួន​៤​ចំណុច ដល់​ជើងហោះហើរ​មិនឲ្យ​ទទួល​អ្នកដំណើរ​គឺ​លោក​សម រង្ស៊ី​។ ក្រៅតែពី​បម្រាម​ចំនួន​៤​ចំណុច ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​សេចក្តីជូនដំណឹង​ដាច់ដោយឡែក​មួយ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ការអនុវត្តលើ​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាន់តែ​មាន​ប្រសិទ្ធភាព គឺ​ការ​រឹតបន្តឹង​តាម​ផ្លូវគោក​តាមរយៈ ការបន្ថែម​ការត្រួតពិនិត្យ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាប់​ប្រទេសជិតខាង​ជាមួយ​កម្ពុជា​។​

 

​មូលហេតុ​រារាំង​មិន​ឲ្យ​លោក​សម រង្ស៊ី​ចូល​កម្ពុជា ត្រូវបាន​លោកតឹក រ៉េត​សម្រេច​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់ថា ព្រោះ​បារម្ភ​ខ្លាច​មាន​ការធ្វើ​បាតុកម្ម​កើតឡើង នៅពេល​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​សម រង្ស៊ី ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​របស់​ព្រលានយន្តហោះ​។ ចំពោះ​មូលហេតុ​នេះ ត្រូវបាន អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​មួយ​រូប​គឺ​លោក​ចាន់ សុផល លើក​ជា​សំណួរ​ថា ប្រសិនបើ​ខ្លាច​ខូចខាត​ដល់​ព្រលានយន្តហោះ អញ្ចឹង​តើ​ឲ្យ​លោក​សម រង្ស៊ី​ចូល​មក​តាម​ច្រករបៀង​បានទេ​?

 

 

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត