លោក​ដូណាល់ ត្រាំ​៖​​ផែនការ​​លោក​ស្រីគ្លីន​តុ​ន​​អាច​ចាប់ផ្ដើម​​សង្គ្រាម​លោក​​លើក​ទី​បី​

26-10-2016 9:06 am 2576
លោកដូណាល់ ត្រាំ​បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ

​លោក​ស្រីគ្លីន​តុន​បានបង្កើត​ផែនការកុំ​ឲ្យមាន​ការហោះហើ​រលើប្រ​ទេ​សស៊ី​រី ដែល​មាន​មតិ​ខ្លះ​លើកឡើង​ថា​អាច​ធ្វើឲ្យ​មាន​ជម្លោះ​ជាមួយ​​ការហោះហើ​រ​របស់​រុស្ស៊ី​ ព្រោះផែនការនេះ​​ហាក់​​ដូចឲ្យ​អាមេរិក​​ធ្វើ​សង្គ្រាម​​ប្រឆាំង​​ស៊ីរី​​និងរុស្ស៊ី​​ ដោយដឹងមុនថា​​ប្រទេសទាំងពីរ​​នឹង​មិនឯកភាព​​ដាច់ខាត។​​លោក​ស្រីគ្លីន​តុន​ថា​តំបន់​គ្មាន​ការហោះហើ​រអាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​អាច​បញ្ចប់​ជម្លោះ​បាន​លឿន​ផង​។​

ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​បាន​ឆ្លើយតប​វិញ​ថា គោលនយោបាយ​លោក​ស្រីគ្លីន​តុន​នៅ​ស៊ីរី អាច​ធ្វើឲ្យ​មាន​សង្គ្រាមលោកលើកទី​បី​កើតឡើង​។​លោក​ត្រាំ​បន្ដថា “​អ្នក​នឹងត្រូវ​បញ្ចប់​ក្នុង​សង្គ្រាមលោកលើកទីបី​នៅ​ស៊ី​រី ប្រសិនបើ​យើង​ស្ដាប់​លោក​ស្រីគ្លីន​តុ​ន​។​អ្នក​មិន​មែន​កំពុង​ប្រយុទ្ធ​ជាមួយ​ស៊ី​រី​ទៀត​ទេ ប៉ុន្ដែ​អ្នក​កំពុង​ប្រយុទ្ធ​ជាមួយ​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ាក់ ត្រឹមត្រូវ​ទេ​?”

លោក​ដូណាល់ ត្រាំ​បានបញ្ជាក់​ផងដែរ​ពី​ការរិះគន់​របស់​សមាជិក​បក្ស​សាធារណរដ្ឋ ដែល​មិន​រួបរួម​គ្នា​ពី​ក្រោយ​បេក្ខភាព​ជា​ប្រធានាធិបតី​របស់លោក​។​លោក​ថា​ប្រសិនបើ​មាន​គណបក្ស​ដែល​រួម​គ្នា​ជា​ធ្លុង​មួយ ការបោះឆ្នោត​លើក​នេះ​នឹង​មិន​ចាញ់​លោក​ស្រីគ្លីន​តុន​ដាច់ខាត​។​លោក​ត្រាំ​បញ្ជាក់​បែបនេះ ​មិនមែន​មានន័យថា​លោក​ទទួលស្គាល់​ថា​ចាញ់​ក្នុង​ការបោះឆ្នោត​ឡើយ​ ហើយ​លទ្ធផល​ក៏មិនទាន់ដឹង ​ត្រូវរង់ចាំ​ការបោះឆ្នោត​ថ្ងៃទី០៨​ខែវិច្ឆិកា​ឆ្នាំ២០១៦​បិទ​បញ្ចប់សិន។​តែកន្លងមក​បើតាមការស្ទង់​មតិ លោកស្រីហ៊ីលឡារី គ្លីនតុន​ បាននាំមុខ​លើ​លោកដូណាល់ ត្រាំ ចំពោះ​សំឡេង​គាំទ្រ៕​

 ពាក្យគន្លឹះ  លោកDonald Trump

ព័ត៌មានផ្សេងទៀត