ក្រសួង​វប្បធម៌​ហាម​មិន​ឲ្យ​ចាក់​បទ​”​ជីវិត​អ្នក​ប្រដាល់​”​និង​ដាក់​បម្រាម​៦​ចំណុច​

25-10-2016 12:05 pm 96733

​ក្រោយ​មាន​ប្រតិកម្ម​ពី​លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ចំពោះ​បទ​ចម្រៀង​”​ជីវិត​អ្នក​ប្រដាល់​” ច្រៀង​ដោយ​លោក​ខេ​ម នៅ​ផលិតកម្ម​ថោ​ន ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដាក់ចេញ​នូវ​បម្រាម​ចំនួន​៦​ចំណុច​។ ការដាក់ចេញ​នូវ​បម្រាម​ទាំងនេះ ដោយ​សារ​តែ​មាន​​អត្ថន័យ​ និង​ប្រើ​ពាក្យពេជន៍មិន​សមរម្យ។ ម្យ៉ាងវិញទៀត គឺ​ផលិតកម្ម​ថោ​ន បាន​ផលិត​នូវ​បទ​ចម្រៀង​​ដែល​រង​នូវ​ការរិះគន់​ ជា​ច្រើនលើក​ច្រើនសារ ពីទស្សនិកជន ដូច្នេះ​ទើប​ក្រសួង​សម្រេច​បែប​នេះ​។ នេះបើតាមការ​បញ្ជាក់​ពី​លោកថៃ ​នរៈសត្យា​ អ្នកនាំពាក្យ​ក្រសួងវប្បធម៌ ​ប្រាប់ដល់​វិទ្យុវាយោ​នៅថ្ងៃទី​២៥ ​តុលា​​នេះ។

​សំឡេង

​ជា​ប្រតិកម្ម​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ចំពោះ​បទ​ចម្រៀង “​ជីវិត​អ្នក​ប្រដាល់​”​នេះ គឺ​ត្រង់​អ្នកនិពន្ធ​ប្រើ​ពាក្យពេជន៍​បន្ទុច​បង្អាប់ដល់​វិស័យ​កីឡា​ប្រដាល់ដូ​ចជាពាក្យ “​ដូច​សត្វ​តិរច្ឆាន​ត្រូវ​គេ​វាយដំ និង​ឈឺ​ហួសប្រមាណ​…” ពាក្យ​នេះ​គឺជា​ការ​មើលងាយ​ដល់​អ្នក​ប្រដាល់​។ លោក​តែម ម៉ឺន បាន​ពន្យល់ថា ប្រដាល់ គឺជា​កីឡា ដែល​មាន​ការប្រកួត​ដោយ​មិត្តភាព ដូច្នេះ​អ្នក​ប្រដាល់ មិនមែន​ជា​សត្វ​តិរច្ឆាន​នោះទេ​។​

​លោក​ងួន សុបិន អ្នកនិពន្ធ​ទំនុកច្រៀង បទ​ចម្រៀង​”​ជីវិត​អ្នក​ប្រដាល់​”​នេះ​បាន​អះអាងថា ចំពោះ​ប្រតិកម្ម​នេះ បាន​កើត​ឡើង​ជាង​១​ខែ​មក​ហើយ​។ ហើយ​រូបលោក​ក៏​បាន​ដោះស្រាយ​ជាមួយ​ក្រសួង ក៏ដូចជា​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ក្នុង​ការសម្របសម្រួល​ឈប់​ផ្សព្វផ្សាយ បទ​ចម្រៀង​នេះ​ហើយ​ដែរ​។

សំឡេង

បម្រាម៦​ចំណុច​របស់ក្រសួងវប្បធម៌រួមមាន៖

​ចំនុច​ទី​១៖ គឺ​ព្រមាន​ចុង​ក្រោយ​ដល់​ផលិតកម្ម​ថោ​ន​ឲ្យ​ឈប់​រំលោភបំពាន​លើ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ  និង​សិទ្ធិ​ប្រហាក់ប្រហែល ។​

​ចំនុច​ទី​២៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេន​មេន​បន្ត​ធ្វើ​ការចែក​ផ្សាយ​បទ​ចម្រៀង​ជីវិយ​អ្នកប្រដាល់​តាម​គ្រប់រូ​ប​ភាព និង គ្រប់​មធ្យោបាយ និង​ដក​បទ​ចម្រៀង​នេះ​ចេញពី Youtube ផ្លូវការ​របស់ ផលិតកម្ម​ថោ​ន អ៊ី​ន​ធឺ​ធេន មេន​។​

​ចំនុច​ទី​៣៖ ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​វិទ្យុ និង​ទូរទស្សន៍​យក​បទ​ចម្រៀង​នេះ​ទៅ​ចាក់​ផ្សាយ ។​

​ចំនុច​ទី​៤៖ ហាម​មិន​ឲ្យ​អ្នកចម្រៀង ខេ​ម ឬ អ្នកចម្រៀង​ដទៃ​ទៀត​យក​បទ​ចម្រៀង​នេះ ទៅ​ច្រៀង​ក្នុង​វេទិកា​ប្រគំ​តន្ត្រី និង​គ្រប់​វេទិកា​ដទៃ​ផ្សេងៗ​ទៀត ។​

​ចំនុច​ទី​៥៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេន​មេន​យក​បទ​ចម្រៀង​នេះ​ទៅ​ផលិត​ជា​ខា​រា​អូ​ខេ ឬ ជា​ចម្រៀង​កាយវិការ​ឡើយ ។​

​ចំនុច​ទី​៦៖ បង្គាប់​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេន​មេន ធ្វើ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ជូន​ចំពោះ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា

​សូមបញ្ជាក់​ថា នា​ពេល​ថ្មី​នេះៗ បទ​ចម្រៀង​ដែល​ក្រសួង​វប្បធម៌ សម្រេច​ហាមឃាត់​មិន​ឲ្យ​ចាក់ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ រួម​មាន​បទ “​អា​មុំ​ប៉ុម​ពីត​” “​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​” “​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” និង​ចុងក្រោយ​នេះ​បទ​“​ជីវិត​អ្នក​ប្រដាល់​”៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត