លោក​ញឹក ប៊ុនឆៃ​ថា​​នឹង​មាន​គណបក្ស​​ចំនួន​៥ គ្រោង​រួបរួម​​ជាមួយ​គណបក្ស​​ខ្មែរ​រួបរួម​ជាតិ​​

24-10-2016 11:54 am 5000

​ស្ទើរតែ​បាក់ស្បាត​នឹង​ពាក្យ​ថា​រួបរួម​! លោក​ញឹក ប៊ុនឆៃ​ហាក់​មាន​ការប្រយ័ត្នប្រយែង​ច្រើន ចំពោះ​គម្រោង​នៃ​ការរួបរួម ដែល​លោក​ថា នឹង​មាន​គណបក្សនយោបាយ​ចំនួន​៥ នឹង​មក​ចូលរួម​ជាមួយ​លោក ប៉ុន្តែ​បើ​មាន​ការរួបរួម គឺ​លោក​នឹង​រួបរួម​ពី​ថ្នាក់​ក្រោម​មកវិញ មិន​ធ្វើ​ដូច​កាល​ជំនាន់​ហ្វ៊ុន​ស៊ិនប៉ិច ដែល​រួបរួម​តែ​ខាង​លើ ឯ​ខាង​ក្រោម​បែកបាក់​នោះទេ​។​

 

“​ការបង្រួបបង្រួម​គ្នា​ជាច្រើន​ដង​កន្លងមក តាំងពី​ជំនាន់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ធ្វើឲ្យ​ថយ​សំឡេង​អ្នកគាំទ្រ​។​” នេះ​គឺជា​សំដី​របស់​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៣ តុលា នៅ​ឯ​ទីស្នាក់ការ​គណបក្ស​។​

 

​ការ​រំលឹក​ដល់​ប្រវត្តិ​រួមបញ្ចូល​គណបក្ស ដែល​លោក​ថា ជា​មូលហេតុ​នាំ​ឲ្យ​ថយ​សំឡេងឆ្នោត​នេះ គឺ​ធ្វើឡើង​នៅពេល​លោក​ញឹក ប៊ុនឆៃ​ប្រកាសថា មាន​គណបក្សនយោបាយ​ចំនួន​៥ ដែល​គ្រោង​នឹង​មក​រួបរួម​គ្នា​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ប៉ុន្តែ​ដើម្បី​កុំឲ្យ​បទពិសោធ​នយោបាយ​ជូរចត់​កើតឡើង​ជា​ថ្មី លោក​ញឹក ប៊ុនឆៃ ថ្លែងថា បើ​មាន​ការរួបរួម គឺ​នឹង​រួបរួម​ពី​ថ្នាក់ក្រោម​មកវិញ មិន​ធ្វើ​ដូច​កាល​ជំនាន់​ហ្វ៊ុន​ស៊ិនប៉ិច ដែល​រួបរួម​តែ​ខាង​លើ ឯ​ខាង​ក្រោម​បែកបាក់​នោះទេ​”……

 

​សំឡេង​លោក​ញឹក ប៊ុនឆៃ​៖

 

​បើ​ទោះជា​បែប​នេះ​លោក​ញឹក ប៊ុនឆៃ មិន​បាន​បញ្ជាក់ ពី​ឈ្មោះ​គណបក្ស​ណា​ខ្លះ​ទេ ដែល​នឹង​ត្រូវ​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​នោះ ព្រោះ​ត្រូវ​រង់ចាំ​ពី​ថ្នាក់​មូលដ្ឋាន​មក​ឲ្យបាន ស្រួលបួល​សិន ឯ​ខាង​លើ​រួបរួម​ពេល​ណា​ក៏​បាន​។ បើ​តាម​លោក​ញឹក ប៊ុនឆៃ​ថា ការរួបរួម​ជា​គ្នា​នេះ មាន​គោលការណ៍​មួយចំនួន ដែល​ត្រូវ​យក​មក​ជជែក​គ្នា គឺ​ត្រូវតែ​ប្រកាន់យក​គោលការណ៍​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ បើ​អ្នក​មក​រួបរួម​មិន​ប្រកាន់​យក​គោលការណ៍​នេះ​ទេ មិន​ចាំបាច់​មក​រួបរួម​គ្នា​ទេ ការគ្រប់គ្រង​បក្ស​តាម​បែប​ប្រជាធិបតេយ្យ កុំឲ្យ​មាន​ការប្រកាន់បក្ខ​ពួកនិយ​ម កុំឲ្យ​មាន​អំពើពុករលួយ​។​

 

​សូមបញ្ជាក់​ថា កន្លងមក ដោយសារតែ​មាន​រឿងរ​កាំ​រកូស​ជាមួយ​សម្តេច​ក្រុមព្រះន​រោ​ត្តមរ​ណ​ឫទ្ធិ លោក​ញឹក ប៊ុនឆៃ ក៏​បាន​ចាកចេញ​ពី​ហ្វ៊ុន​ស៊ិនប៉ិច មក​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នេះ​ឡើង ដោយ​ប្រមូល​ទាំង​ថ្នាក់​ដឹកនាំ​មួយចំនួន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មក​ជាមួយ​ផង ដូចជា​លោក​លឺ ឡាយស្រេង លោក​ទា ចំ​រ៉ាត់ លោក​ខាន់ សាវឿន​ជាដើម​។​

 

​តើ​គម្រោង​នៃ​ការបង្រួបបង្រួម​ជាមួយ​គណបក្ស​ដទៃ អាច​ទទួលបាន​ការគាំទ្រ​កម្រិតណា ពី​ម្ចាស់​ឆ្នោត​? ព្រោះ​ទាំង​លោក​ញឹក ប៊ុនឆៃ និង​ក្បាលម៉ាស៊ីន របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សុទ្ធតែ​ជា​អតីត​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្លាប់​ជូរចត់​នឹង​លទ្ធផល នៃ​ការរួបរួម​បែប​នេះ​កន្លងមក ដែល​ធ្វើឲ្យ​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លទ្ធផល ពី​ឈ្នះ​ភ្លូកទឹកភ្លូកដី​នៅ​អាណត្តិ​ទី​១ រហូត​នៅ​សល់​សូន្យ​កៅអី​នៅ​អាណត្តិ​ទី​៥​នេះ​៕

 

​ដោយ​៖​ខាត់ សុធី​


 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត