ហ្វីលីពីន​ថា​​នឹង​នៅ​បន្ដ​ទំនាក់ទំនង​​ជាមួយ​អាមេរិក​​គ្រាន់តែ​មិន​ចង់​នៅ​ក្រោមបង្គាប់​

23-10-2016 9:58 am 1455
រដ្ឋមន្ដ្រីការបរទេសហ្វីលីពីនលោកPerfecto Yasay

​អាមេរិក​នៅ​តែ​ជា​មិត្ដ​ដ៏​ជិតស្និទ្ធ​របស់​ហ្វីលីពីន ប៉ុន្ដែ​ទីក្រុង​ម៉ានីល​ចង់​ផ្ដាច់ខ្លួន​ចេញពី​ផ្នត់គំនិត​ដែល​អាស្រ័យ​លើ​តែ​អាមេរិក និង​ចង់​ផ្ដាច់ចេញ​ពី​ការ​ស្ថិតក្រោម​បង្គាប់​អាមេរិក ដោយ​ចង់​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជាតិ​សាសន៍​ដទៃ​។​នេះ​បើ​តាម​ការឲ្យដឹង​របស់​លោក​រដ្ឋមន្ដ្រី​ការបរទេ​ស​ហ្វីលីពីន​កាលពី​ថ្ងៃ​សៅរ៍​។​ការបកស្រាយ​របស់​លោក​រដ្ឋ​មន្ដ្រី​បែប​នេះ ធ្វើឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក​Perfecto Yasay​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា "លោក​Duterte​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ការផ្ដាច់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​មិន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាតិ​ទេ​។​យ៉ាងណាមិញ​លោក​បាន​សរសេរថា​បំបែក​ខ្លួន ចង់​មានន័យ​ថា​ចង់​ផ្ដាច់ចេញ​ពី​ផ្នត់គំនិត​ពឹង​អាស្រ័យ​និង​ស្ថិត​ក្រោមបង្គាប់​អាមេរិក មាន​ផ្នែក​សេដ្ឋកិច្ច​និង​យោធា ដែល​ហ្វីលីពីន​ហាក់​នៅ​ជាប់​ជាមួយ​អាមេរិក​រហូត ធ្វើឲ្យ​ហ្វីលីពីន​ជាប់គាំង​មិន​រីកចម្រើន​ទៅ​មុខ​សោះ​។​"

លោក​Yasay​បន្ដទៀតថា​លោក​Duterte​បាន​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​ចិន​Xi Jinping​និង​ថ្នាក់ដឹកនាំ​ចិន ក្នុងពេល​បំពេញ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ថា ប្រសិន​បើ​ពួកគេ​គ្មាន​ឆន្ទៈ​ផ្ដល់​ការគាំទ្រ​ទេ ប្រជាជន​ហ្វីលីពីន​នឹង​រៀប​ផែនការ​ដឹកនាំ​ជោគវាសនា​ដោយ​ខ្លួនឯង​ទោះបី​ត្រូវ​ទទួលបន្ទុក​ធ្ងន់​បន្ដិច​ក៏ដោយ​។​

ជា​ការកត់សម្គាល់​មួយ​រយៈពេល​ចុងក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​លោក​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ផ្ដាច់ខ្លួន​ចេញ​ពី​អាមេរិក អាមេរិក​ជា​សម្ព័ន្ធមិត្ដដ៏​ជិតស្និទ្ធ​របស់​ហ្វីលីពីន​ហាក់​មិន​សប្បាយចិត្ដ​ឡើយ​។​អាមេរិក​បាន​ទាមទារ​ឲ្យ​លោក​Duterte​បញ្ជាក់​ឲ្យ​ច្បាស់ បែក​គ្នា​នេះ​បែក​យ៉ាងម៉េច​ឲ្យ​ពិតប្រាកដ​។​អ្វី​ដែល​អាមេរិក​ខកចិត្ដ​ខ្លាំង ហ្វីលីពីន​ប្រកាស​ងាក​ចេញពី​អាមេរិក ហើយ​ទៅ​ចាប់​ដៃ​ជាមួយ​ចិន​ជា​គូប្រជែង​អាមេរិក​ទៀត​។​ក្រៅ​ពី​ចិន​នៅ​មាន​រុស្ស៊ី​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​កំពុង​សម្លឹងមើល​ចង់​រឹតចំណង​មិត្ដភាព​ដែរ​៕

 ពាក្យគន្លឹះ  ហ្វីលីពីន

ព័ត៌មានផ្សេងទៀត