អាមេរិកបានបញ្ជូននាវាចម្បាំងប្រភេទUSS Decaturទៅល្បាតក្បែរកោះជម្លោះ ស្ថិតក្នុងសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងដែលត្រូវបានចិនអះអាងថា ជារបស់ខ្លួនស្ទើរតែទាំងស្រុង។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីChannel News Asia បានបញ្ជាក់បន្ថែមថា នាវាUSS Decatur បានធ្វើនាវាចរក្បែរកោះParacel។ ជាពិសេសនាវាត្រូវបានគេបញ្ជា ឲ្យចូលទៅយ៉ាងជិតកោះTritonនិងកោះWoody។ កោះទាំងពីរនេះ គឺមានការទាមទាររវាងប្រទេសវៀតណាម តៃវ៉ាន់និងចិន។
យ៉ាងណា នាវារបស់អាមេរិកមិនអាចធ្វើប្រតិបត្តិការល្បាតដោយងាយស្រួលបានទេ ពោលវាត្រូវបានរងការរំខានដោយ នាវាល្បាតរបស់ចិន ចំនួន៣គ្រឿងនៅអមនោះ។ យោងតាមការឲ្យដឹងនៅគេហទំព័រមួយរបស់ទីក្រុងប៉េកាំងថា នាវាល្បាតរបស់ចិនដែលនៅក្បែរនោះ គឺទៅព្រមាននិងបណ្តេញឲ្យនាវាចម្បាំងរបស់អាមេរិកចាកចេញពីទីនោះ។
អ្នកនាំពាក្យមន្ទីរPentagonអាមេរិកលោកGary Ross បានពន្យល់ថា រឿងដែលនាវាUSS Decaturធ្វើដំណើរក្បែរកោះParacel គឺធ្វើទៅតាមទម្លាប់ ស្របច្បាប់ គ្មានកប៉ាល់ហែហម និងមិនបង្កឲ្យមានឧបត្តិហេតុទេ។ ប្រតិបត្តិការនេះ បង្ហាញថា អាមេរិកមានសិទ្ធិ រួមទាំងគ្រប់រដ្ឋទាំងអស់ មានសិទ្ធិធ្វើនាវាចរដោយសារីនៅតំបន់នោះ គឺស្របតាមច្បាប់អន្តរជាតិ។
ផ្ទុយពីទីក្រុងប៉េកាំង អះអាងថា ការល្បាតដោយនាវាចម្បាំងរបស់អាមេរិកនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃសុក្រ គឺជាការធ្វើដោយខុសច្បាប់និងបង្កហេតុ ហើយថា ខ្លួនបានតវ៉ាជាមួយអាមេរិកដែរ។ គេហទំព័ររបស់ទីក្រុងប៉េកាំងមួយបានបញ្ជាក់ ថាទីក្រុងប៉េកាំងនឹងបង្កើនការល្បាតទាំងនៅលើអាកាសនិងលើទឹកសមុទ្របើចាំបាច់៕