អាមេរិក​ឲ្យ​លោក​​Duterte​​ពន្យល់​​ពី​ការ​ប្រកាស​​បែក​គ្នា​

21-10-2016 12:51 pm 12791
លោកDuterteនៅខាងស្តាំនិងលោកអូបាម៉ានៅខាងឆ្វេង

​នៅ​ទីបំផុត​អាមេរិក​បាន​ចេញមុខ មក​ស្វែងរក​ខុស​ត្រូវ ជាមួយ​លោក​ប្រធានាធិបតី​ហ្វីលីពីន​Rodrigo Duterte​។ យោង​តាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារ​សារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​នេះ ឲ្យដឹងថា អាមេរិក​នឹង​ស្វែងរក​ភាពច្បាស់លាស់ លើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​របស់លោក Rodrigo Duterte ដែល​បាន​និយាយថា បែក​គ្នា​ជាមួយ​អាមេរិក​។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន​អ្នកស្រី Molly Koscina​ឲ្យដឹង​ថា រហូតមកដល់​ពេលនេះ អាមេរិក​មិន​ទាន់​បាន​លឺ​ពាក្យ​ប្រេះឆា​នេះ  ចេញពី​មាត់​របស់លោក​Duterte​ដោយ​ផ្ទាល់​នៅ​ឡើយ ដូច្នេះ​វា​បង្ក​ឲ្យមាន​ភាពស្រពិច​ស្រ​ពិល​សម្រាប់​អាមេរិក​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​Duterte បាន​និយាយ​នៅ​ចំពោះមុខ​អ្នកជំនួញ​ជនជាតិ​ចិន​និង​ហ្វីលីពីន នៅក្នុង​ប្រទេស​ចិន​ថា ខណៈ​នេះ លោក​សូម​ប្រកាស​បែក​គ្នា​ជាមួយ​អាមេរិក​។ បែក​ទាំង​ទំនាក់ទំនង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ផង​។ បញ្ចប់​សន្ទរកថា​នេះ​លោក Duterte ត្រូវបាន​អ្នកជំនួញ​គ្រា​ក់ៗ​ប្រទេស​ទាំង​ពីរ ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​។​

 

​យ៉ាងណាក៏ដោយ មួយ​ថ្ងៃ​ក្រោយ​ការលើកឡើង​របស់​លោក​Duterte​យ៉ាង​ដូច្នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ហ្វីលីពីន​លោក​Ramon Lopez បាន​បកស្រាយ​បន្ថែម ថា ប្រធានាធិបតី​របស់លោក មិនមែន​ចង់​មានន័យ​ថា​បែក​ពី​អាមេរិក​ទាំងស្រុង​ទេ​។ លោក Ramon Lopez បាន​ពន្យល់ថា នៅក្នុង​ទំនាក់ទំនង​ផ្នែក​វិស័យ​សេដ្ឋកិច្ច គឺ​យើង​មិន​បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ទេ​។ លោក​បញ្ជាក់​បន្ថែមថា ហ្វីលីពីន​គ្រាន់តែ​មាន​បំណង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​បន្ថែម គឺ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន ក៏​ដូច​ជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។ ពោល គឺ​ហ្វីលីពីន មិន​ចង់​ពឹងផ្អែក​លើ​អាមេរិក​ច្រើនពេក​ទៀត​ទេ​។

 

​គួរកត់សំគាល់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អាមេរិក​ត្រូវ​ខកចិត្ត ដោយសារ​ពាក្យ​សំដី​របស់លោក​Duterte​។ ពោល ចាប់តាំងពី​លោក​Duterte ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក​អូ​បា​ម៉ា​ត្រូវបាន​ប្រធានាធិបតី​រូបនេះ ប្រមាថ​នូវ​ពាក្យ​អសុរោះ​ថា​ជា​កូន​ស្រីពេស្យា​។ ថ្មីៗ​កន្លងទៅ លោក​Duterte ដែល​មិន​ពេញចិត្ត​អាមេរិក ដែល​រិះគន់​លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក បានប្រកាស​ឈប់​ធ្វើ​សមយុទ្ធ​រួម ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​ស្រវា​ចិន​និង​រុស្ស៊ី​វិញ​។ យ៉ាណា​មិញ ពាក្យ​សំដី​របស់​លោក​Duterte​មួយចំនួន តែង​ត្រូវបាន​មន្ត្រី​របស់​លោក ចេញមុខ​បកស្រាយ​និង​ពន្យល់​បន្ថែម​៕

 ពាក្យគន្លឹះ  អាមេរិក-ហ្វីលីពីន

ព័ត៌មានផ្សេងទៀត