លោក​អូ​បា​ម៉ា​៖​​ជំហរ​នឹងមិន​ទទួលយក​​លទ្ធផល​​ឆ្នោត​​របស់​លោក​ត្រាំ​​ជា​រឿង​គ្រោះថ្នាក់​

21-10-2016 9:53 am 2897
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយថា ជំហរ​លោក​ដូណាល់ ត្រាំ​ដែលថា​លោក​មិន​អាច​ទទួលយក​លទ្ធផល​បោះឆ្នោត​បាន គឺជា​រឿង​គ្រោះថ្នាក់​។​ថ្លែង​ក្នុង​ពេល​ជួបជុំ​នៅ​Miami លោក​អូ​បា​ម៉ា​បាន​និយាយថា ការឆ្លើយ​មិន​ទទួលយក​លទ្ធផល​ឆ្នោត​របស់​លោក​ត្រាំ​ពិតជា​ធ្វើឲ្យប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​។​

​លោក​ត្រាំ​បាន​បដិសេធ​ក្នុងពេល​តស៊ូ​មតិ​ថា លោក​អាច​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​។​ប៉ុន្ដែ​ក្រោយមក​លោក​និយាយថា​អាច​ទទួលយក​លទ្ធផល​ដែល​ច្បាស់លាស់ ដោយ​នៅ​បង្ហាញឲ្យឃើញ​ពី​បញ្ហា​ប្រឈម​មួយចំនួន​។​និយាយ​ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​ថ្លែង​ទាំង​ញញឹម​ថា “​ខ្ញុំ​សន្យា​និង​ប្ដេជ្ញា​ដល់​អ្នកគាំទ្រ អ្នកបោះឆ្នោត​ឲ្យ​ខ្ញុំ និង​ប្រជាជន​អាមេរិក​ទាំងអស់​ថា ខ្ញុំ​នឹង​ទទួលយក​លទ្ធផល​ទាំងស្រុង​នៃ​ការបោះឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​នេះ​បាន ប្រសិនបើ​ខ្ញុំ​ឈ្នះ​។​”

​ពេល​ថ្លែង​សុន្ទរកថា​លោក​បន្ដថា លោក​អាច​ទទួលយក​លទ្ធផល​ដែល​ច្បាស់លាស់ ប៉ុន្ដែ​លោក​សុំ​រក្សា​សិទ្ធិ​ប្រឆាំង​តាម​ផ្លូវច្បាប់​ទៅនឹង​បញ្ហា​ណាមួយ​ក្នុង​ករណី​នេះ​។​

រាល់​អ្វី​ដែល​លោក​ត្រាំ​បានលើកឡើង​នេះហើយ ដែល​លោក​អូ​បា​ម៉ា​បារម្ភ​អាច​សាបព្រោះ​មន្ទិលសង្ស័យ​ដល់​ប្រជាជន​អាមេរិក ពី​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នៅ​អាមេរិក គិតថា​ជា​រឿង​ខុស​ប្រក្រតី​ទៅវិញ​៕

ព័ត៌មានផ្សេងទៀត