អង្គការCMH​​​បន្ត​យុទ្ធនាការ​​បញ្ជ្រាបពី​ច្បាប់​​និង​គ្រោះថ្នាក់​​នៃ​​​ថ្នាំជក់​​ឈាន​ដល់​​ខណ្ឌ​មានជ័យ​​​​​

20-10-2016 10:41 am 565

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CMH) នៅ​ថ្ងៃ​ទី​២០ តុលា​នេះ បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន ក្នុង​ការរៀបចំ​សិក្ខាសាលា​ស្តីពី ការអនុវត្ត បរិស្ថាន គ្មាន​ផ្សែង​បារី នៅ​សាលាខណ្ឌ​មានជ័យ ដែល​មាន​ការចូលរួម​ពី​លោក​មា សុភាព អភិបាលរង​ខណ្ឌ​មានជ័យ លោក​មុំ គង់ នាយក​ប្រត្តិបត្តិ​អង្គការ CMH រួម​នឹង​បងប្អូន​អាជីវករ​លក់ដូរ ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់​ជាដើម​។
​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ដើម្បី​ពន្យល់​ណែនាំ ដល់​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងនោះ យល់ដឹង​ពី ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ឲ្យ​អនុវត្ត​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​បើ​តាម​ច្បាប់​ស្តីពី​ការពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​តម្រូវឲ្យ​ម្ចាស់​ក្រុមហ៊ុនថ្នាំជក់​ទាំងអ​ស់ ដែល​ចរាចរ​ក្នុងប្រទេស​កម្ពុជា ត្រូវ​បោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព​ទំហំ​៥៥% លើ​ផ្ទៃ​នៃ​កញ្ចប់​បារី​។ មិន​ត្រូវ​បិទ​ផ្សាយ​នូវ​ផ្ទាំង​បដា ឬ​រូបភាព​ផ្សេងៗ ដែល​ស្ថិត​ក្នុង​ទម្រង់​នៃ ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ រួម​នឹង​បិទ​ស្លាក​សញ្ញា ហាម​ជក់បារី និង​មិន​ត្រូវ​តាំង​បង្ហាញ​ប្រដាប់​គោះ​បារី​។​
​ទោះជា​មាន​ការហាមឃាត់​យ៉ាងនេះ​ក្ដី ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ មិន​បាន​ហាមឃាត់​ការដាក់​លក់​បារី​ទេ​។ ក៏ប៉ុន្តែ ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់តាំង​បង្ហាញ​កញ្ចប់​បារី​បានតែ ១​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​កន្លែង​លក់​បារី​មួយ​។ សម្ភារៈ​ដាក់តាំង​កញ្ចប់​បារី​នោះ ត្រូវ​មាន​ពណ៌​ត្នោត ដែល​មិន​ទាក់ទាញ និង​មាន​ទំហំ​ផ្ទៃមុខ​មិន​លើស​ពី ២​ពាន់​ម៉ែត្រការ៉េ​។​

​យ៉ាងណាក៏ដោយ ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​មុំ គង់ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែង​រម្លឹក​អំពី​ផលប៉ះពាល់ ចំពោះ​អ្នក​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ បណ្តាលឲ្យ​កើត​មាន​ជម្ងឺ​មហារីក បាត់បង់​សេដ្ឋកិច្ច​គ្រួសារ និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត