បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ បាននិយយថាការបោះឆ្នោតនៅអាមេរិកនៅថ្ងៃទី០៨ខែវិច្ឆិកាខាងមុខ ត្រូវបានរៀបចំការបន្លំសន្លឹកឆ្នោតទុកមុនទៅហើយ ដើម្បីប្រឆាំងរូបលោក។លោកបន្ដថាមានការរៀបចំបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ ដើម្បីបំពុលដល់អារម្មណ៍អ្នកបោះឆ្នោត។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ាថា លោកត្រាំគួរឈប់ចោទប្រកាន់បែបនេះទៅ ព្រោះអ្វីដែលសំខាន់គឺព្យាយាមធ្វើយ៉ាងណាស្វែងរកការគាំទ្រឲ្យបានច្រើន។លោកអូបាម៉ាបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅអាមេរិកត្រូវបានគ្រប់គ្រងនិងតាមដានយ៉ាងហ្មត់ចត់ដោយមន្ដ្រីក្នុងតំបន់ ដែលអាចនឹងត្រូវតែងតាំងដោយអភិបាលរដ្ឋនៃគណបក្សសាធារណរដ្ឋផង។ដូច្នេះបើនិយាយពីការបន្លំសន្លឹកឆ្នោតមិនអាចកើតមានក្នុងការបោះឆ្នោតនៅអាមេរិកឡើយ។
ជាការកត់សម្គាល់ ខណៈមានការស្ទង់មតិបង្ហាញថាលោកដូណាល់ ត្រាំធ្លាក់សំឡេងគាំទ្រធៀបនឹងលោកស្រីគ្លីនតុន លោកដូណាល់ ត្រាំបានបង្កើនការចោទប្រកាន់ជាបន្ដបន្ទាប់ ទោះបីការសិក្សាបង្ហាញថា ការបន្លំសន្លឹកឆ្នោតនៅអាមេរិកជារឿងកម្របំផុតក៏ដោយ។
សូមបញ្ជាក់ជាថ្មីថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីអាមេរិក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ការបោះឆ្នោតមានវត្ដមានលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំជាបេក្ខជនប្រធានាធិបតីតំណាងបក្សទាំងពីរចូលរួម ប៉ុន្ដែនរណាឈ្នះឆ្នោតមិនទាន់អាចសន្និដ្ឋានបាន១០០%ទេ ទោះការស្ទង់មតិលោកស្រីគ្លីនតុនមានប្រៀបលើលោកត្រាំក៏ដោយ៕