រាជទាយាទ​ថៃ​​ពន្យារ​ពេល​​ឡើង​គ្រងរាជ្យ​​បន្ដ​ពី​ព្រះបិតា​​ដោយ​ទុក​ពេល​​កាន់ទុក្ខ​សិន​

14-10-2016 9:15 am 7346
រាជទាយាទថៃព្រះបាទម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការតែងតាំង​រាជទាយាទ​ឲ្យ​គ្រងរាជ្យប​ន្ដ​ពី​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣​ខែ​តុលា​នៅ​ម៉ោង​៣​និង​៥២​នាទី​រសៀល នឹង​ធ្វើ​នៅពេល​ក្រោយ ដោយ​រាជទាយាទ​ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​(Maha Vajiralongkorn) បាន​ស្នើ​សុំ​ទុក​ពេល​កាន់ទុក្ខ​ជាមួយ​ប្រជាជន​ថៃ​សិន​។​

លោក​ប្រា​យុទ្ធ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ទុក​ឲ្យ​យើង​រង់ចាំ​ពេលដែល​ល្អប្រសើរ​សិន​។​ព្រះ​រាជទាយាទ​បាន​ស្នើសុំ​ពេលវេលា​រៀបចំ​ការឡើង​គ្រងរាជ្យ ទៅ​ប្រកាស​នៅពេល​ដែល​សាក​សម ហើយ​ព្រះអង្គ​សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ការបាត់បង់​ព្រះបិតា ជាមួយ​ប្រជាជន​ថៃ​ផង​។​”

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បានឲ្យដឹង​ទៀត​ថា “​ចាំ​ដល់​ពេល​សមស្រប​មកដល់​សិន​។ ព្រះ​រាជទាយាទ​មាន​ព្រះ​បន្ទូល​ថា ទ្រង់​ដឹង​ពី​កាតព្វកិច្ច​របស់​ព្រះអង្គ​ជា​អ្នក​ស្នងរាជ្យ​ហើយ​។​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​យល់ ហើយ​មិន​បង្ក​ភាពចលាចល​កើតឡើង​ទេ​។​”

សូមបញ្ជាក់​ថា ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន មាន​ព្រះជន្ម​៦៤​ព្រះវស្សា ត្រូវ​ព្រះបាទ​ភូមិបុល​ប្រទាន​ងារ​ជា​រាជទាយាទ​តាំងពី​ឆ្នាំ​១៩៧២​មកម្ល៉េះ​៕

ព័ត៌មានផ្សេងទៀត