ការតស៊ូមតិជុំទីពីររបស់បេក្ខជនប្រធានាធិបតីអាមេរិក បានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩តុលានេះ នៅសាកលវិទ្យាល័យWashington University ក្នុងរដ្ឋMissouriសហរដ្ឋអាមេរិក។លោកស្រីហ៊ីលឡារី គ្លីនតុនបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ និងលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋបានចូលរួមតាមការកំណត់។
សម្រាប់លោកដូណាល់ ត្រាំលើកនេះហាក់លេងខ្លាំងបន្ដិច ដោយមិនត្រឹមវាយប្រហារលោកស្រីគ្លីនតុនប៉ុណ្ណោះទេ លោកថែមទាំងបានវាយប្រហារលោកប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិក និងជាស្វាមីរបស់លោកស្រីហ៊ីលឡារី គ្លីនតុនទៀត។ទាក់ទឹងនឹងលោកប៊ីល គ្លីនតុន លោកត្រាំបានបញ្ជាក់បែបនេះថា “លោកពិតជាខ្មាស់អៀនណាស់ ពីវីដេអូដែលបានបង្ហាញពីអ្វីដែលលោកបានធ្វើកន្លងមក ប៉ុន្ដែលោកប៊ីល គ្លីនតុនពិតជាបានធ្វើកាន់តែអាក្រក់ទៅទៀតលើស្ដ្រី។ខ្ញុំត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ ប៉ុន្ដែលោកប៊ីល គ្លីនតុនគឺធ្វើសកម្មភាពតែម្ដង។”សម្ដីនេះលោកត្រាំចង់សម្ដៅលើសកម្មភាពលោកប៊ីល គ្លីនតុនបៀតបៀនផ្លូវភេទលើស្ដ្រី។ស្ដ្រីដែលបានចោទប្រកាន់លោកប៊ីល គ្លីនតុនក៏មានវត្ដមានជាមួយលោកត្រាំដែរ។
ចំពោះការវាយប្រហារលើលោកស្រីគ្លីនតុន លោកដូណាល់ ត្រាំបាននិយាយធ្ងន់ៗថា បើលោកជាប់ជាប្រធានាធិបតីអាមេរិក លោកនឹងដាក់ពន្ធនាគារលោកស្រីគ្លីនតុន ចំពោះការប្រើប្រាស់អ៊ីមែលឯកជនមកធ្វើការ គ្រាដែលលោកស្រីគ្លីនតុននៅជារដ្ឋមន្ដ្រីការបរទេសអាមេរិក។គួរបញ្ជាក់ថានៅអាមេរិក មន្ដ្រីក្នុងជួររដ្ឋាភិបាលមិនអាចប្រើអ៊ីមែលផ្ទាល់ខ្លួនក្នុងក្របខណ្ឌការងារឡើយ។
លោកដូណាល់ ត្រាំបាននិយាយទៀតថា លោកនឹងតែងតាំងក្រុមរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតជុំវិញករណីលោកស្រីគ្លីនតុនប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួន ព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិអាមេរិក អំឡុងពេលលោកស្រីនៅជារដ្ឋមន្ដ្រីការបរទេសអាមេរិកពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។លោកត្រាំថែមទាំងនិយាយចំអកឲ្យលោកស្រីគ្លីនតុនថា គួរតែខ្មាសខ្លួនឯងផង។
អ្វីដែលលោកដូណាល់ ត្រាំបាននិយាយ លោកស្រីគ្លីនតុនឆ្លើយតបវិញថា សម្ដីរិះគន់ទាំងនេះសបញ្ជាក់កាន់តែច្បាស់ លោកត្រាំមិនសមទទួលតំណែងជាប្រធានាធិបតីអាមេរិកឡើយ៕