ចាប់ពី​ឆ្នាំ​២០១៧​តទៅ​ផ្លូវ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​នឹងមានភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ពេល​រាត្រី​

06-10-2016 4:21 pm 3689
ប្រភពរូបភាពពី៖Sabay


​​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ កោះ​ពេជ្រ​ថា យ៉ាងយូរបំផុត​ចាប់ ពី​ឆ្នាំក្រោយ​នេះ​តទៅ​ផ្លូវ​ទាំងអស់ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នឹងមាន ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ពេល​រាត្រី​ដើម្បី​លើក កម្ពស់​សោភ័ណ្ឌភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជា​តិ​កម្ពុជា​។

​លោក​ប៉ា សុជាតិ​វង្ស បាន​បន្តទៀតថា បច្ចុប្បន្ន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់ ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ នៅ​ទូទាំង​រាជធានី សរុប​បាន​ចំនួន​៥០​ភាគរយ​ហើយ​។​ចំណែក​នៅសល់​ជាង​៥០​ភាគរយ​ទៀត​ក្នុងចំណោម បង្គោល​ភ្លើង​ជាង ១២,០០០​ដើម​នៅ​តាម​ផ្លូវ​នានា​ទូទាំង​រាជធានី​ភ្នំពេញ នឹង​សម្រុក​ធ្វើឱ្យ ហើយ​រួចរាល់​ឱ្យបាន​មុន​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ផង​ដែរ​។

​លោក​បាន​បន្តទៀតថា រឿង​ដែល​នៅសល់​មួយចំនួន​គឺ​ដោយសារតែ ក្រុម​អ្នកជំនាញ ត្រូវ​ដោះដូរ​បង្គោល​ភ្លើង​ថ្មី រួម​ទាំង​ប្រព័ន្ធ​ខ្សែភ្លើង​កប់​នៅក្នុង​ដី​ដែល មាន​លក្ខណៈ​ពុកផុយ​ដែល​ទាមទារ ឱ្យ​មាន​ការប្រើប្រាស់​រយៈ​ពេល​យូរ ហើយ​ការ​ដាក់​ភ្លើង​បំភ្លឺ នៅតាម​ដងផ្លូវ​សាធារណៈ​នា​ពេល​យប់​នេះ​មាន សារៈសំខាន់​ណាស់​ដែល​មិន​ត្រឹមតែ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​បាន​ធ្វើដំណើរ​ប្រកបដោយ​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន ជួយ​កាត់បន្ថយ​បញ្ហា​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​ជា ច្រើន​ទៀត​ពិសេស​នឹង​ជួយ ឱ្យ​សមត្ថកិច្ច​អាច​តាម ចាប់​មុខសញ្ញា​បទឧក្រិដ្ឋ​ណា មួយ​បាន ទាន់​ពេលវេលា​ដោយសារ​តែ​បង្គោល ភ្លើង​នេះ​ក៏​បំពាក់​កាំ​ម៉ា​រ៉ា សុវត្ថិភាព​ផងដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា  នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​សរុប​ប្រមាណ​៥០០​ផ្លូវ ក្នុង​នោះ​មន្ត្រី ជំនាញ​បាន​បំពាក់ ប្រព័ន្ធ​អំពូល​ភ្លើង​ថ្មី​បាន​ចំនួន​១៣៣​ផ្លូវ ចំណែក​ច្រក​ផ្លូវ​តូចៗ​ចូលទៅ​ក្នុង​ភូមិ នឹង​ត្រូវ​អនុវត្តន៍ នៅពេល​ក្រោយ​បញ្ចប់​គម្រោង​៕

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត