ការនាំ​ចេញ​​អង្ករ​​​របស់​កម្ពុជា​​រយៈពេល​​៩​ខែ​​ឆ្នាំ​២០១៦​ ធ្លាក់ចុះ​ជា​ង​​២​ភាគរយ​​

06-10-2016 3:52 pm 1445

យោងតាម​របាយការណ៍ នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែ​មួយ សម្រាប់​បំពេញ​បែប​នៃ ការនាំ​ចេញ​អង្ករ​បានឲ្យដឹងថា នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៦​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង​៣៦​ម៉ឺន​តោន​។ ចំនួន​នេះ​មាន​ការធ្លាក់ចុះ​ជា​ង​២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

 

​នៅក្នុង​របាយការណ៍​បានបញ្ជាក់​ថា អង្ករ​របស់​កម្ពុជា​ត្រូវបាន​នាំ​ចេញ ទៅកាន់​៦០​ប្រទេស នៅលើ​ពិភពលោក​។ ក្នុង​នោះ​ប្រទេស​ដែល​បាន​ទិញ​អង្ករ​របស់​កម្ពុជា ច្រើនជាងគេ គឺ​ប្រទេស​ចិន ប្រទេស​បារាំង ប្រទេស​ប៉ូឡូញ និង​ប្រទេស​ម៉ាឡេស៊ី​។​

 

​បើ​តាម​របាយការណ៍ ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​អង្ករ​ដ៏​សំខាន់​របស់​កម្ពុជា បន្ទាប់​ពី​ទីផ្សារ​នៅ​អឺរ៉ុប​។ រដ្ឋាភិបាល​ចិន បាន​ផ្តល់​កូតា​ដល់​ការ នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ២០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំៗ​។​

 

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ផែនការ​នាំ​អង្ករ​ចេញ​ឲ្យបាន​១​លាន​តោន​របស់​កម្ពុជា​ត្រូវ​បាន​បរាជ័យ ពោលគឺ​អាច​សម្រេចបាន តែ​ជាង​កន្លះ​លាន​តោន​តែប៉ុណ្ណោះ​។ ទាក់ទង​នឹង​ផែនការ​នាំ​អង្ករ​ចេញ​នេះ​ដែរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​សុខ ពុទ្ធី​វុ​ធ ធ្លាប់បាន​ថ្លែង​ថា កម្ពុជា​ត្រូវការ​ពេលវេលា ៥​ឆ្នាំ​ទៀត ទើប​អាច​សម្រេច​គោលដៅ នៃ​ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​បាន ១​លាន​តោន​។​

 

​បើ​យោង​លើ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ដែល​រាជ​រដ្ឋា ភិបាល​បានដាក់ចេញ​កាលពី​ឆ្នាំ ២០១០ មាន​គោលដៅ​ធំ​ពីរ​គឺ ទី​១ ជំរុញ​ការផលិត​ស្រូវ​ឲ្យបាន​ច្រើនជាង ៤ លាន​តោន ក្នុងនោះ​បរិមាណ​អង្ករ​សម្រាប់​នាំចេញ ត្រូវ​សម្រេច​ឲ្យបាន​យ៉ាងតិច ១ លាន​តោន​។ និង​ទី​២ លើក​ឈ្មោះ​អង្ករ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ។​ជារួម​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​ទី ២ នេះ យ៉ាង​ត្រចះត្រចង់ ដោយ​បាន​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​នានា នៅលើ​ពិភពលោក​ជាង ៦០ ប្រទេស ហើយ​ជាមួយគ្នានេះ អង្ករ​កម្ពុជា​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់ ជា​អង្ករ​ឆ្ងាញ់​បំផុត នៅលើ​ពិភពលោក​ជា​បន្តបន្ទាប់​។​ចំណែក​គោលដៅ​ទី​១ កម្ពុជា​សម្រេច​បាន​ប្រមាណ​៥៣ ម៉ឺន​តោន នៅ​ឆ្នាំ ២០១៥ នៃ​គោលដៅ ១ លាន​តោន​។

 

​តាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៦​កន្លងទៅ បានបញ្ជាក់​ថា ការ​ដែល​កម្ពុជា​មិន​អាច​សម្រេចបាន​នូវ​គោលដៅ​ដែល​បាន​ដាក់​ចេញ​ទាំង​ស្រុង​នោះ គឺ​ដោយសារ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​បញ្ហា​ការផ្គត់ផ្គង់​ទឹក បច្ចេកទេស​ពូជ​សុទ្ធ បច្ចេកទេស​កសិកម្ម​ទំនើប កង្វះ​ទុន​បង្វិល ឃ្លាំង​ស្តុក និង​ទីផ្សារ ។​ល​។ ចំណែក​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក ក៏​ជា​ប្រទេស​ផលិត​ស្រូវ​ដូច​កម្ពុជា​ដែរ ពិសេស​បណ្តា​ប្រទេស​មេគង្គ ដូចជា​ប្រទេស​វៀតណាម ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​នាំឲ្យ​មាន​ការធ្លាក់​ចុះ​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក ដែល​ធ្វើឲ្យប៉ះពាល់​ដល់ទី​ផ្សារអង្ករ​របស់​កម្ពុជា​ផង​ដែរ​៕

 

​ដោយ​៖​ខាត់ សុធី​

 

 ពាក្យគន្លឹះ  អង្ករកម្ពុជា

ព័ត៌មានផ្សេងទៀត