លោក​​កឹម សុខា​​៖​“​​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​​សប្តាហ៍​ក្រោយ​​”

30-09-2016 2:05 pm 9103

“​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​សប្តាហ៍​ក្រោយ​” នេះ​ជា Comment​ដែល​លោក​កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ឆ្លើយតប ទៅកាន់​អ្នកគាំទ្រ នៅក្នុង​គណនី​ហ្វេ​សប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​។ យ៉ាងណាក៏ដោយ លោក​កឹម សុខា​មិន​បញ្ជាក់​ពី​ពេលវេលា និង​ទីតាំង​ដែល​លោក​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នោះ​ទេ បើ​ទោះបី​មាន​ការទទូច​សួរ​ពី​អ្នក Comment​នៅក្នុង​គណនី​ហ្វេ​សប៊ុក​របស់​លោក​ក្តី​។​

 

​យោង​តាម​លោក​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា​(​គ​.​ជ​.​ប​) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា លោក​កឹម សុខា​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ព្រោះ​​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ជា​ស្ថាពរ លើ​ទោស​របស់​លោក​នៅ​ឡើយ​ទេ​។ ចំណែក​លោក​យ៉ែម បុញ្ញឫទ្ធិ​មន្ត្រីជាន់ខ្ពស់​គណបក្សស​ង្គ្រោះ​ជា​តិ ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ដែរ​ថា ផ្អែក​តាម​ទិដ្ឋភាព​ផ្លូវច្បាប់ លោក​កឹម សុខា​នៅតែមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​បាន​។ បន្ថែម​លើ​នេះ មេធាវី​លោក​កឹម សុខា នឹង​ដាក់ពាក្យ​ប្តឹង​ទាស់​នៅ​សាលាឧទ្ធរណ៍ ឲ្យបាន​មុន​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចូល​ជា​ស្ថាពរ​ផង​ដែរ​។​

 

​គួរកត់សំគាល់​ថា ប្រសិន​លោក​កឹម សុខា​ចេញទៅ​ចុះឆ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​នេះ​មែន គឺជា​លើក​ទី​មួយ​ហើយ ដែល​លោក​ចាកចេញ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក​បាន​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស ស្ថិត​នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៦​។ ការឃុំ​ខ្លួន​ឯង​រយៈពេល​ជាង​៤​ខែ​មកនេះ ដើម្បី​គេច​ពី​ការប៉ុនប៉ង​ឃាត់ខ្លួន ពី​សំណាក់​សមត្ថកិច្ច​៕


 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត