លោក​កឹម សុខា​​រម្លឹក​ពលរដ្ឋ​​ឲ្យទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​ថ្ងៃទី​២​​តុលា​

30-09-2016 10:10 am 2250

​យោង​តាម​ឃ្លីប​វីដេអូ បង្ហោះ​លើ​គណនី​ហ្វេ​សប៊ុក​លោក​កឹម សុខា​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា " សូម​និមន្ត និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ ទី​០២ ខែតុលា ឆ្នាំ​២០១៦ " ។ "ខ្ញុំ​ព្រះករុណា ខ្ញុំបាទ​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ សូម​និមន្ត និង​អញ្ជើញ​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត សូម​និមន្ត និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ភូមិ​-​ឃុំ​-​សង្កាត់​របស់​បងប្អូន​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស អ្នកដឹកនាំ​មូលដ្ឋាន តាម​បំណងប្រាថ្នា​របស់​បងប្អូន​”​។ លោក​កឹម សុខា​បន្ថែមថា​” ខ្ញុំ​ព្រះករុណា ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ឆ្លៀត​ពេល​វេលា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន ដើម្បី​សម្រេច​វាសនា​អនាគត​យើង​”……………

 

សំឡេង​លោក​កឹម សុខា​៖

 

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃ​អាទិត្យ​ទី​២​ខែតុលា ជា​ថ្ងៃ​ឈប់​សម្រាក​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅឡើយ ប៉ុន្តែ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​រៀបចំ​ឲ្យមាន​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃនេះ បន្ទាប់ពី​មាន​ការស្នើ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ​ការរៀបចំ​ឲ្យមាន​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ចំណាកស្រុក​ទៅ​បរទេស​។​

​សូមបញ្ជាក់​ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី តាម​ប្រព័ន្ធ​កុំព្យូទ័រ ដំណើរការ​ទៅ​រយៈពេល​បី​ខែ ចាប់ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦ គឺ​សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​ការជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត