បន្ទាប់ពីរកបានពិន្ទុខ្ពស់ក្នុងការជជែកដេញដោលលើកដំបូងនៃបេក្ខជនប្រធានាធិបតីអាមេរិក បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុនទំនងនឹងមានសង្ឃឹមច្រើនឡើងវិញក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ចំណែកឯលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ អាចនឹងពិបាកស្វែងរកការគាំទ្រ។នេះបើតាមការបញ្ជាក់ពីអ្នកជំនាញតាមដានស្ថានការណ៍។
លោកស្រីគ្លីនតុននិងលោកត្រាំបានជួបគ្នាតទល់មួយទល់នឹងមួយដើម្បីឆ្លើយសំណូរអ្នកសប្របសម្រួល ដែលជាការជជែកដេញដោលឬហៅជាភាសាអង់គ្លេសថា“Debate”។កម្មវិធីនេះមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ជាតិកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយលោកស្រីគ្លីនតុនត្រូវដឹងថាជាអ្នកឈ្នះទៅហើយតាមការស្ទង់មតិ។
អ្នកជំនាញបានបកស្រាយបន្ថែមថា លោកត្រាំបានបាត់បង់ឱកាសក្នុងពេលឆ្លើយសណួរ ដូចជាសំណួរទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ដែលជាក្ដីកង្វល់ទីមួយរបស់ប្រជាជនអាមេរិក។វិស័យសេដ្ឋកិច្ចជាវិស័យដែលលោកត្រាំកំពុងមានបទពិសោធន៍ស្រាប់ ព្រោះលោកជាអ្នកជំនួញដ៏ធំ ហើយក៏ទទួលបានផលប្រយោជន៍ច្រើនដែរ។ខណៈដែលលោកត្រាំចាប់ផ្ដើមនិយាយពីបញ្ហានេះ លោកស្រីគ្លីនតុនបានគ្រប់គ្រងស្ថានការណ៍លើលោកត្រាំកាន់តែខ្លាំងឡើងៗ ក្នុងវេទិកាជជែកដេញដោល។
ដោយមើលឃើញថាលោកស្រីគ្លីនតុនអាចដោះស្រាយបញ្ហាបានល្អជាមួយនឹងសំណួរដែលបានសួរ អ្នកជំនាញថាលោកស្រីអាចនឹងមានប្រជាប្រិយភាពកើនឡើង ទោះបីវាមានដែនកំណត់ក៏ដោយ។លោកDan Mahaffeeជាអ្នកវិភាគនិងជាប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបានពន្យល់ថា អ្នកគាំទ្រខាងគណបក្សសាធារណរដ្ឋអាចនឹងងាកទៅគាំទ្រលោកស្រីគ្លីនតុនខ្លះ។
លោកបន្ដថាចំពោះលោកស្រីគ្លីនតុនពេលនេះធ្វើបានល្អក្នុងយុទ្ធនាការរបស់លោកស្រី។ប៉ុន្ដែយ៉ាងណាលោកស្រីគ្លីនតុនមិនត្រូវភ្លេចខ្លួនឡើយ ត្រូវបន្ដរក្សាឲ្យបាននូវប្រជាប្រិយភាពនិងបន្ដបង្ហាញបទពិសោធន៍សមត្ថភាពដែលខ្លួនមាន ធ្វើយ៉ាងណាយកឈ្នះលើលោកត្រាំ និងបង្ហាញថាលោកស្រីពិតជាសមធ្វើប្រធានាធិបតី ហើយលោកត្រាំវិញមិនសាកសមឡើយ។
រីឯលោកដូណាល់ ត្រាំ លោកDan Mahaffeeនិយាយដែរថា លោកត្រាំចាំបាច់ត្រូវស្ដារប្រជាប្រិយភាពឡើងវិញ និងត្រូវជួសជុលការខូចខាតពេលធ្វើវេទិកាជជែកពិភាក្សាក្នុងជុំទីមួយ ហើយត្រូវធ្វើឲ្យល្អប្រសើរក្នុងការជជែកពិភាក្សាលើកទីពីរ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៩ខែតុលា។ពីមុនឡើយលោកត្រាំធ្វើបានល្អណាស់ ដោយទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នានឹងលោកស្រីគ្លីនតុន ប៉ុន្ដែក្រោយការចូលរួមវេទិកាពិភាក្សាលើកដំបូង លោកត្រាំហាក់បាត់បង់ពិន្ទុច្រើន ដូច្នេះមិនថាយ៉ាងណាត្រូវតែស្ដារមុខមាត់ឡើងវិញ។ពុំនោះទេលោកត្រាំនឹងពិបាកប្រកួតប្រជែងជាមួយលោកស្រីគ្លីនតុន៕