ជំងឺ​ឆ្កែឆ្កួត​​កំពុង​សម្លាប់​​មនុស្ស​​​ជាង​​៣​ម៉ឺន​ទៅ​​៥​ម៉ឺន​​នាក់​​ទូទាំង​​ពិភពលោក​​​រៀងរាល់ឆ្នាំ​​

29-09-2016 3:43 pm 2087

​ជំងឺ​ឆ្កែឆ្កួត កំពុង​សម្លាប់​មនុស្ស​ពី ៣៥.០០០ ទៅ ៥០.០០០ នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។ របាយការណ៍​របស់​អង្គការ សុខភាព​ពិភពលោក (WHO) បង្ហាញថា ៤០% នៃ​ជនរងគ្រោះ​ពី​ជំងឺ​នេះ គឺ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀងរាល់ឆ្នាំ​មាន​មនុស្ស​ច្រើនជាង​១៥​លាន​នាក់​ទូទាំង​ពិភពលោក​ដែល បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយពេល​សត្វ​ខាំ​។ សម្រាប់​ឆ្នាំ ២០១៦​នេះ ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​អប់រំ ចាក់​ថ្នាំ​បង្ការ លុបបំបាត់​” ដែល​ប្រារព្ធ​ធ្វើ​នៅ​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា​។​

​ទាក់ទង​នឹង​ជំងឺ​ឆ្កែឆ្កួត​នេះ បើ​យោងតាម​ការសិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ មាន​មនុស្ស​ចំនួន​២១.៧៨២​នាក់ ត្រូវបាន​បញ្ជូន​មក ឬ​មក​ខ្លួនឯង​ដល់​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ដើម្បី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សរុប​មាន​ចំនួន​១២៦ ៣៨២​លើក​។ ជំងឺ​នេះ អាច​ត្រូវបាន​ចម្លង​តាមរយៈ​ឆ្កែ និង​ឆ្មា​នៅពេល​វា​ខាំ ក្រ​ញ៉ៅ ឬ​លិឍ​ត្រង់​កន្លែង​មាន​របួស​បាន​ដោយ​ងាយ ដោយ​វា​ចម្លង​មេរោគ LYSSA VIRUSES​។ នៅពេល​ដែល​អ្នក​ត្រូវបាន​ខាំ​ដោយ​សត្វ​ឆ្កែ ឬ​ឆ្មា​ដែល មាន​ជំងឺ​នេះ ទឹកមាត់​វា​នឹង​ចម្លង​វីរុស​នេះ​ទៅ​ជា​ជាលិកា​ក្រោម​ស្បែក និង​សាច់ដុំ​។

​គួរបញ្ជាក់​ថា ប្រសិនបើ​អ្នក​ត្រូវបាន​ខាំ ក្រ​ញ៉ៅ ឬ​រងរបួស​តាម​រូបភាព​ណាមួយ​ក្តី ដោយ​សត្វ​ឆ្មា ឬ​ជា​ពិសេស​ដោយ​សត្វ​ឆ្កែ ដែល​អ្នក​គិតថា​វា​ឆ្កួត អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​។ ប្រសិនបើ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ត្រឹមត្រូវ ហើយ​រង់ចាំ​រហូតដល់​ចេញ​រោគសញ្ញា​នោះ អ្នកនឹង​ប្រឈម​គ្រោះ​ថ្នាក់ខ្ពស់​រហូត​ដល់​បាត់បង់​ជីវិត​។ ប្រសិនបើ​អ្នក​សង្ស័យថា មានការ​ចម្លងជំងឺ​ឆ្កែឆ្កួត​នៅក្នុង​សហគមន៍​របស់​អ្នក អ្នក​ត្រូវ​បង្ខាំង​សត្វ​ឆ្កែ​របស់​អ្នក​ទុក​ក្នុង​បរិវេណ​ផ្ទះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដល់​ឆ្កែ​របស់​អ្នក ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​អ្នក​៕

 

 ពាក្យគន្លឹះ  ជំងឺឆ្កែឆ្កួត

ព័ត៌មានផ្សេងទៀត