លោក យ៉ែម បុញ្ញឫទ្ធិថា​លោក កឹម សុខា​នៅតែមានសិទ្ធិ​ទៅចុះឈ្មោះ​បោះឆ្នោត

28-09-2016 3:17 pm 4208

ថ្លែងនៅវិមានរដ្ឋសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាព្រឹកថ្ងៃទី២៨ កញ្ញា លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ កំពុង​រៀបចំ​ឲ្យ លោក កឹម សុខា បានទៅចុះឈ្មោះបោះឆ្នោត ទោះបីជាប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ កំពុង​ជាប់​សាល​ក្រម​របស់​តុ​លា​ការក៏ដោយ។

 

លោក យ៉ែម បុញ្ញឫទ្ធិបញ្ជាក់ថា យោងទៅ​លើ​ផ្លូវ​ច្បាប់លោកកឹម សុខា នៅមានសិទ្ធិ​ពេញលេញ ក្នុង​ការ​​ទៅចុះឈ្មោះបោះឆ្នោត ហើយគ្មានករណី​ណា​​មួយដែលអាច​ប្រកែកមិនឱ្យគាត់ទៅ​ចុះឈ្មោះបោះ​ឆ្នោត​បាននោះទេ។ លោកថា  យើងនៅមាន​សិទ្ធិ​ប្តឹង​​ទៅ​សាលាឧទ្ធរណ៍ ទៅតុលា​ការកំពូល ដូច្នេះនៅពេលដែល​សាលក្រមមិនទាន់​ចូល​ជាស្ថាពរ គ្មាន​សិទ្ធិ​អំណាចណាមួយដែល​ត្រូវ​ឃាត់​​ខ្លួន ឬចាប់ខ្លួនលោកកឹម សុខា នោះទេ……………​………​………​……​

 

សំឡេងលោកយ៉ែម បុញ្ញឫទ្ធិ៖

 

សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសាលា​ដំបូងរាជធានី​ភ្នំ​ពេ​​ញ កាត់ទោសឱ្យជាប់ពន្ធនាគារ ០៥ខែ និងពិន័យប្រាក់ ៨០០,០០០ រៀល ពីបទបដិសេធក្នុង​ការ​ចូល​ខ្លួន តាមការកោះហៅរបស់តុលាការ ក្នុងនាម ជាសាក្សីនៅក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធ​នឹង កញ្ញាខុម ចាន់តារាទី ហៅ ស្រីមុំ។ក្រុមមេធាវីរបស់លោក កឹម សុខា ក៏គ្រោងនឹងដាក់ពាក្យប្តឹង​ជំទា​ស់​ទៅសាលាឧទ្ធរណ៍ ឱ្យបានមុនសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចូលជាស្ថាពរផងដែរ។

 

ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់​ខ្លួន​នៅក្នុងទីស្នាក់ការរបស់គណបក្ស មិនព្រមចេញទៅណាមកណា អស់រយៈពេលជា៤ខែមកហើយ ពោល​គឺចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ព្រោះតែខ្លាចមានការចាប់ខ្លួន​ណាមួយពី​សំណា​ក់​សមត្ថកិច្ចរបស់រដ្ឋាភិបាល៕

 

ដោយ៖ខាត់ សុធី

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត