លោកម៉ម សូណង់ដូ ចង់ឲ្យតុលាការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ

27-09-2016 11:56 am 26324

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ចំពោះករណីដែលលោក​បានដាក់ពាក្យ​ប្តឹង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ពីបទបរិហារកេរ្តិ៍ កាលពីថ្ងៃទី១ ខែ​កញ្ញា។

 

តាមរយៈការថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមក លោក ម៉ម សូណង់ដូ បានប្តឹងទាមទារ​សំណង​ជំងឺចិត្ត ១ម៉ឺនរៀល ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងថាលោក ក៏ចង់សំណូមពរ​តុលាការជំរុញ​ឲ្យមាន​ការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។

 

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ  លោកម៉ម សូណង់ដូ បញ្ជាក់ថា ពេលនេះព្រះរាជអជ្ញាកំពុងតែស៊ើបសួរស្វែងរក​អាសយដ្ឋាន​ចល័ត​ របស់ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ ​ដើម្បីកោះអញ្ជើញមកបំភ្លឺ ពីបទបរិហារកេរ្ដិ៍​ លើរូបលោក។

 

សូមបញ្ជាក់ថា​ ករណីឈានដល់ការប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ នេះ ធ្វើឡើងបន្ទាប់ពីមានប្រិយមិត្ត​ម្នាក់​ឈ្មោះ ប៊ុន ធឿន បានប្រាប់ដល់វិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយអះអាងថា ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្រ្ត ២នាក់ ប៉ុន្តែលោកសម រង្ស៊ី ឲ្យតែម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិនពេញ​ចិត្ត ក៏បង្កើតគណបក្សនឹងមក ដើម្បីផ្ចាញ់ផ្ចាល់ ខឹងគេអត់ឲ្យតំណែង»។ នេះបើតាមការរៀបរាប់​ក្នុងលិខិត​របស់ លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះ។ ប៉ុន្តែ ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ពុំបានបំភ្លឺទេ ហើយថែមទាំងបញ្ជាក់ថា ព្រះអង្គមិនចាប់អារម្មណ៍ នឹងការគំរាម​ប្តឹង​របស់ លោក ម៉ម សូណង់ដូនោះ ទេ ហើយថា អ្វីដែលព្រះអង្គធ្លាប់លើកឡើងនោះ គឺជាការបញ្ចេញ​មតិ​តែប៉ុណ្ណោះ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  លោកម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត