ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​៣​ពាន់​លាន​យ៉េន​ដើម្បី​អនុវត្ត​គម្រោង​ធំ​ពីរ​នៅ​កម្ពុជា​

27-09-2016 11:29 am 1632
រូបភាពពីស្ថានទូតជប៉ុននៅកម្ពុជា

រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​៣​ពាន់​លាន​យ៉េន​មក​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​គម្រោង​ពីរ គឺ​ការ​បោសសម្អាត​មីន​និង​សង្គ្រោះ​ជនពិការ និង​ការពង្រឹង​សមត្ថភាព​ដឹកជញ្ជូន​របស់​រថយន្ត​ក្រុង​ក្នុង​រាជធានី​ភ្នំពេញ​។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹង​ថា​នៅ រសៀល​ថ្ងៃ​ទី​២៧ ខែ កញ្ញា​នេះ នៅ​ទីស្តីការក្រសួង​នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា ផ្តល់ប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​៣​ពាន់​លាន​យ៉េន​នេះ​។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​លោក ឡុង វិសាលោ រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា ម៉ា​រូ (Yuji KUMAMARU) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​គម្រោង​ទាំង​ពីរ​ដែល​ត្រូវ​អនុវត្ត​នោះ​គឺ​គម្រោង​ទី​១ ត្រូវ​ចំណាយ​ថវិកា​ចំនួន​១៨១០​លាន​យ៉េន និង​គម្រោង​ទី​២​ចំណាយ​ថវិកា​ចំនួន​១៣៩៦​លាន​យ៉េន​។​

​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ពេលនេះ ក៏​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

គួរ​បញ្ជាក់ដែរថា កន្លងមក​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ក៏​ធ្លាប់​បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា ជប៉ុន​បាន​ផ្តល់​ជំនួយ អភិវឌ្ឍន៍​ផ្លូវការ​ចំនួន ៦៧,៤៥ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំនួន​០៤ នៅ​កម្ពុជា​។ គម្រោង​ទាំង​៤​នោះ​រួមមាន គម្រោង​ពង្រីក​ទឹកស្អាត​ក្នុង​ខេត្ត​កំពត អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធាន មនុស្ស ការស្តារ​ឡើង​វិញ​នូវ​ស្ពាន​ជ្រោយចង្វារ និង​ការកែលម្អ​សម្ភារ​សម្រាប់​សកម្មភាព​ដោះ​មីន​ដំណាក់កាល​ទី​៧៕ ( ដោយ៖ សឹង​ សុថានី)


 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត