រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងបានប្រាប់ដល់អង្គការសហប្រជាជាតិថា ការបន្ដកម្មវិធីនុយក្លេអ៊ែរក្នុងប្រទេសរបស់លោក ជាវិធីតែមួយគត់អាចការពារខ្លួនបាន ហើយប្ដេជ្ញាបង្កើនកម្លាំងយោធានុយក្លេអ៊ែរបន្ថែមទៀត។ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉កកាលពីថ្ងៃទី២៣កញ្ញា លោកRi Yong-hoថាកូរ៉េខាងជើងនឹងបន្ដចាត់វិធានការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែរតទៅទៀត ទាំងគុណភាពនិងបរិមាណ។
ការលើកឡើងបែបនេះត្រឹមតែពីសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី០៥របស់គេ ធ្វើឲ្យអន្ដរជាតិថ្កោលបន្ដកន្ទុយគ្នា ពិសេសក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចាប់ផ្ដើមពិភាក្សាជាមួយសមាជិកដើម្បីរកទណ្ឌកម្មថ្មីដាក់លើកូរ៉េខាងជើង។
អ្វីដែលសំខាន់លោកRi Yong-hoសង្កត់ធ្ងន់ថា “ការបន្ដកម្មវិធីអាវុធនុយក្លេអ៊ែរជាគោលនយោបាយរដ្ឋាភិបាលកូរ៉េខាងជើង។ដរាបណានៅតែមានការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរលើទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូច្នេះដើម្បីការពារសន្ដិសុខនិងសន្ដិភាពលើឧបទ្វីបកូរ៉េ កូរ៉េខាងជើងមានតែប្រើប្រាស់អាវុធនុយក្លេអ៊ែរមកទប់ទល់វិញ។”
លោកRiបន្ដថា លោកទទួលស្គាល់បច្ចុប្បន្នពិបាកពន្យល់ឲ្យអឺរ៉ុបយល់ណាស់ពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ស្របពេលកំពុងមានការបារម្ភពីបញ្ហាសន្ដិសុខក្រោយបញ្ចប់សង្គ្រាមត្រជាក់។ប៉ុន្ដែយ៉ាងណាមិញលោកបកស្រាយថា ការធ្វើតេស្ដនុយក្លេអ៊ែរជាវិធានការជាក់ស្ដែង ប្រឆាំងអាមេរិកនិងប្រឆាំងការតវ៉ាដែលកើតមានកាន់តែខ្លាំងឡើងៗជាមួយគណបក្សកាន់អំណាចនិងប្រជាជនកូរ៉េខាងជើង៕