ប៉ូលិស​ម៉ាឡេស៊ី​​ចាប់ខ្លួន​មនុស្ស​០៤​នាក់​​សង្ស័យ​ពាក់ព័ន្ធ​​ភេរវកម្ម​

22-09-2016 3:21 pm 1044
ជនសង្ស័យ​​(កណ្ដាល)​ដែលប៉ូលិសចាប់ខ្លួនបានកន្លងមក

​ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ សង្ស័យ​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម ក្នុងនោះ​មាន​ជនបរទេស​បីនាក់​។​ការចាប់ខ្លួន​ធ្វើឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​០២​សីហា​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​។​អ្នក​ត្រូវបាន​ចាប់​ខ្លួន​មាន​បុរស​ជា​ម្ចាស់​ភោជនីយដ្ឋាន​បង់​ក្លា​ដែស​ម្នាក់ សង្ស័យ​ពាក់ព័ន្ធ​ការរត់ពន្ធ​អាវុធ​សម្រាប់​ឲ្យ​ក្រុម​ភេរ​វករ​អន្ដរជាតិ​ប្រើប្រាស់​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស ដោយ​ប៉ូលិស​ប្រកាសអាសន្ន​ចំពោះ​បុរស​ម្ចាស់​ភោជនីយដ្ឋាន​ផងដែរ​។​


​ជនជាតិ​នេ​ប៉ាល់​មួយរូប​ទៀត​ត្រូវ​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា ក្លែងបន្លំ​ឯកសារ​សម្រាប់​ឲ្យ​សមាជិក​ក្រុម​ភេរ​វករ​អន្ដរជាតិ​ប្រើប្រាស់​។​រីឯ​បុរស​ជនជាតិ​ម៉ូ​រ៉ូកូ​ម្នាក់​ទៀត​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​។​រូបគេ​ពីមុន​ត្រូវ​អាជ្ញាធរ​តួ​ក​គី​ឃុំខ្លួន បន្ទាប់​ពី​ប៉ុនប៉ង​រត់ពន្ធ​ចូល​ក្នុង​ប្រទេស​ស៊ី​រី​។​ជនសង្ស័យ​ទី​បួន​គឺ​ជនជាតិ​ម៉ាឡេស៊ី ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​ជាប់​ទាក់ទង​នឹង Muhammad Wanndy Mohamad Jedy ដែល​ប៉ូលិស​បញ្ជាក់ថា បាន​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​ពី​សកម្មភាព​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់គេ​៕

ព័ត៌មានផ្សេងទៀត