រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅទីក្រុង New York កាលពីថ្ងៃអាទិត្យ នៅមុនកិច្ចជំនួបជាមួយអង្គការសហប្រជាជាតិ។ ការជួបប្រជុំគ្នានេះធ្វើឡើង ដើម្បីពិភាក្សាពីវិធានការ នៃការប្រឆាំងទៅនឹងកូរ៉េខាងជើង និងកិច្ចសហការគ្នាផ្សេងទៀត ដើម្បីប្រឆាំងការធ្វើតេស្តនុយក្លេអ៊ែរលើកទី៥នៅទីក្រុងព្យុងយ៉ាង។
នៅក្នុងកិច្ចពិភាក្សានោះ សហរដ្ឋអាមេរិកបានបង្ហាញពីឆន្ទៈ ចរចារជាមួយកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងយល់ព្រមដកហូតអាវុធនុយក្លេរអ៊ែររបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនបានជម្រុញទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ទីក្រុងព្យុងយ៉ាង ជួយទប់ស្កាត់សកម្មភាពធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។ ចិនជាសមភាគីរបស់កូរ៉េខាងជើងក៏មិនពេញចិត្ត ការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរ។ យ៉ាងណាក៏ដោយ ចិនអះអាងថា ទណ្ឌកម្មមិនមែនជាមធ្យោបាយល្អ ដើម្បីឲ្យកូរ៉េខាងជើងត្រឡប់ចូលតុចរចារនោះទេ។
ពាក់ព័ន្ធបញ្ហានេះ កូរ៉េខាងជើងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កូរ៉េខាងជើងមិនគោរពតាមការសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើតេស្តនុយក្លែរអ៊ែរ រួមទាំងការដាក់សម្ពាធពីអន្តរជាតិនោះឡើយ។
គួរជម្រាបជូនថា ជំនួបត្រីភាគីរវាងលោក John Kerry ជាមួយលោក Fumio Kishida និងសមភាគីកូរ៉េខាងត្បូងលោក Yun Byung-se គឺជាការប្រជុំលើកដំបូង ចាប់តាំងពីកូរ៉េខាងជើងធ្វើតេស្តនុយក្លេរអ៊ែរជាលើកចុងក្រោយនៅខែកញ្ញានេះ។ ការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាចម្បង ដែលត្រូវលើកយកមកពិភាក្សា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដោយមានការចូលរួមពីមេដឹកនាំមួយចំនួននៅលើពិភពលោក៕