Kevin De Bruyne ត្រូវបាន​លោក Pep Guardiola ថា​ជា​កីឡាករ​ល្អ​ដាច់​គេ​បន្ទាប់​ពី Messi

19-09-2016 2:13 pm 814

​កីឡា​ករ​បែលហ្ស៊ីក Kevin De Bruyne បន្ទាប់​ពី​បង្ហាញខ្លួន​អោយ​មេឃ​ខៀវ Manchester City ចំនួន​៥​ប្រកួត គឺ​ឈ្នះ​ទាំង​៥​ប្រកួត ហើយ​នឹង​រក​គ្រាប់​បាល់​បាន​ផង​នោះ ធ្វើអោយ​កីឡាករ​ម្នាក់នេះ កំពុងតែ​មាន​ការចាប់​អារម្មណ៍​ពី​គ្រូបង្វឹក​ខ្លាំង​។​

ជាក់ស្តែង​លោក Pep Guardiola និយាយថា Kevin De Bruyne អាច​ក្លាយទៅជា​កីឡាករ​ល្អ​ដាច់​គេ​ម្នាក់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League និង​បន្ត​ថា De Bruyne លេង​ស្មើ​កីឡាករ​គ្រប់រូប​ដែល​គាត់​ធ្លាប់​បង្ហាត់ ដោយ​ចាញ់​តែ Lionel Messi ម្នាក់​គត់​។​

 

​លោក PepGuardiola បានបញ្ជាក់​ថា "​ខ្ញុំ​គិតថា Kevin De Bruyne គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ ជា​កីឡាករ​ឆ្នើម​មួយរូប គាត់​បង្កើត​អ្វីៗ​គ្រប់យ៉ាង​។ គាត់​តែងតែ​សម្រេច​ចិត្ត​ទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ​ជា​រៀង​រាល់​ពេល​។ ពេលខ្លះ​អ្នក​ត្រូវ​ប៉ះបាល់ ពេលខ្លះ​អ្នក​ត្រូវ​ទប់ ពេលខ្លះ​អ្នក​ត្រូវ​គ្រប់គ្រង​បាល់ ពេលខ្លះ​អ្នក​ត្រូវ​ទៅ​មុខ ហើយ​ជា​រៀង​រាល់​ពេល​គាត់​បាន​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។ ទាំងនោះ​ហើយ​ជា​ហេតុ​ដែល​ខ្ញុំ​ពិតជា​មាន​សំណាង​ដែល​មាន​គាត់ ហើយ​ខ្ញុំ​គិត​ថា​គាត់​អាច​រីករាយ​នឹង​បាល់ទាត់​ដ៏​អស្ចារ្យ​របស់​គាត់​ជាមួយ​យើង​"​។​

​បន្ទាប់​ពី​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Guardiola មក​ដឹកនាំ​ក្រុម​មេឃ​ខៀវ Manchester City នៅ​៥​ប្រកួត​កន្លងមកនេះ ក្លឹប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នោះ​ឡើយ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត