លោកកឹម សុខា​ថា​ បរិបទ​​នយោបាយ​បច្ចុប្បន្ន​​ហាក់​ដូចជា​​ចងដៃ ចង​ជើង​​បក្សប្រឆាំង​​

18-09-2016 9:59 am 4234

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា បរិបទ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មតិ​ជាតិ និង​អន្ដរជាតិ​ដឹង​ច្បាស់​ថា គឺមាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​គត់ ដែល​ជា​គូប្រកួត​ពិតប្រាកដ ជាមួយ​គណបក្ស​កាន់អំណាច​។ លោក​ថា ដូច្នេះ​ហើយ​បើសិនជា ធ្វើទុក្ខបុកម្នេញ ដូចជា ការប្រើប្រាស់​ប្រព័ន្ធតុលាការ ជា​ឧបករណ៍​នយោបាយ ដើម្បី​ធ្វើ​បាប​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់បីដូច​ជា​ចងដៃ ចង​ជើង​គូប្រកួត​ម្ខាង​។

 

​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ “​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​” ហើយ​ការ​បោះឆ្នោត​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ ក្នុង​ការសម្រេច​ជោគវាសនា​របស់​ខ្លួន​តា​ម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ នេះ​ជា​ការលើកឡើង​របស់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​លោក កឹម សុខា​ថា បរិបទ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មតិ​ជាតិ និង​អន្ដរជាតិ​ដឹង​ច្បាស់​ថា គឺមាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​គត់ ដែល​ជា​គូប្រកួត​ពិតប្រាកដ ជាមួយ​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន នឹង​ដែល​អាច​នាំមក​នូវ​ការផ្លាស់ប្ដូរ​បាន​។ ដូច្នេះ​ហើយ​បើសិនជា គេ​ធ្វើទុក្ខបុកម្នេញ ដូចជា ការប្រើប្រាស់​ប្រព័ន្ធតុលាការ ជា​ឧបករណ៍​នយោបាយ ដើម្បីឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី និង​ស្មើភាព​បាន​នោះ ហាក់បីដូចជា ចងដៃ ចង​ជើង​គូប្រកួត​ម្ខាង ហើយ​បបួល​ចូល​ប្រកួត លោក​យល់ថា សហគមន៍​អន្ដរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​អាច​ទទួលយក​ការបោះឆ្នោត​នេះ​បានឡើយ​។​
 

​ការ​ថ្លែង​របស់លោក កឹម សុខា​ពេលនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី “​សំណេះសំណាល​ជាមួយ​ចលនា​យុវជន​រាជធានី​ភ្នំពេញ​” ដែល​បាន​ប្រព្រឹត្ដ​ទៅ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​យ៉ាងណាក្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា បរិបទ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ពុំ​មាន​វិបត្ដិ​នោះទេ គឺមាន​តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ  ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ប៉ុណ្ណោះ ដោយ​លោក​យល់ថា ជា​រឿង​បុគ្គល​ទាំង​ប្រព្រឹត្ដ​ខុសច្បាប់​។​

 

​ដោយឡែក​ចំពោះ​ដំណោះស្រាយ​នយោបាយ​វិញ ​លោក​នាយករដ្ឋមន្ត្រី​អះអាងថា  មិន​មាន​ដំណោះស្រាយ​នយោបាយ​ណា ដែល​អាច​រកឃើញ​តាមរយៈ​បក្សនយោបាយ​នោះឡើយ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​។ គណបក្ស​កាន់​អំណាច​ថា បុគ្គល​ដែល​ធ្វើ​ខុស កុំ​យក​ប្រទេស​ជាតិ​ធ្វើជា​ចំណាប់ខ្មាំង កុំ​យក​បក្សនយោបាយ ធ្វើ​ជា​ជម្រក​បិទបាំង​នូវ​កំហុស​របស់​ខ្លួន​៕

(ដោយ គួន សំបូរ​)

 

 ពាក្យគន្លឹះ  លោក កឹម សុខា

ព័ត៌មានផ្សេងទៀត