ដំណឹងពី​សាលក្រម​​ជា​ផ្លូវការ​​ ត្រូវបាននាំទៅ​ដល់ផ្ទះ​លោកកឹម សុខា​

16-09-2016 4:09 pm 17197

ដំណឹងពីសាលក្រមរបស់សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការកាត់ទោស​លោកកឹម សុខា អនុ​ប្រធាន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ បានចេញជាផ្លូវការហើយ នៅ​ថ្ងៃទី១៦ កញ្ញា​ នេះ   ដោយលោកកឹម សុខា ត្រូវ​បាន​ផ្តន្ទា​ទោ​ស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិ​សេធ​ក្នុង​​ការ​ចូល​ខ្លួន​​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់​ស្តេ​ង​។

 

មិនបង្អង់យូរទេ គ្រាន់តែលិខិតឲ្យដំណឹងពីសាលក្រមចេញភ្លាម សមត្ថកិច្ចបានយក​​ដំណឹងនៃសាល​ក្រមនោះ​ទៅ​ឲ្យ​ដល់ផ្ទះលោក កឹម សុខា នៅខណ្ឌទួលគោកតែម្តង ដើម្បីប្រគល់​ឲ្យសាម៉ី​ខ្លួននិងប្រាប់ថា​ មានសិទ្ធិ​ប្តឹង​ជំទាស់ក្នុង​ពេល​១ខែ​ចាប់ពីទទួល​ដំណឹងនេះ តែលោកកឹម សុខាមិនបានចេញមុខមកទទួលដោយ​ផ្ទាល់​ទេ ដោយឲ្យមេធាវីរបស់លោកទៅទទួលជំនួសវិញ។

 

កាលពីថ្ងៃទី៩ ខែកញ្ញានេះ តុលាការបានសម្រេចផ្តន្ទាទោស លោក កឹម សុខា ឲ្យជាប់​ពន្ធនាគារ៥ខែ​និង​ពិន័យជា​ប្រាក់៨០ម៉ឺនរៀលពីបទបដិសេធមិនព្រមចូលខ្លួន​ក្នុងនាមជាសាក្សី ទាក់ទង​សំណុំ​រឿង​ស្នេហា​លួចលាក់ជាមួយកញ្ញាខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

 

បើតាមមេធាវីការពារក្តីឲ្យលោកកឹម សុខា គឺលោក សំ សុគង់ ដែល បានទៅទទួលយក​​លិខិតដំណឹងនេះដោយផ្ទាល់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងយកលិខិតនេះ​ជម្រាប​ទៅកូនក្តី និងជួបប្រជុំ​គ្នា​ជាមួយមេធាវី ដើម្បីរៀបចំពាក្យប្តឹងទៅសាលាឧទ្ធរណ៍​ជំទាស់នឹងសាលក្រមសាលាដំបូង ដោយថាការ​សម្រេចនេះគឺបំពានលើនីតិវិធីច្បាប់ និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

 

ពលរដ្ឋមានលំនៅក្បែរគេហដ្ឋានលោកកឹម សុខា ឲ្យដឹងថា កម្លាំងប្រដាប់អាវុធជាច្រើន​នាក់បាន​ប្រមូល​ផ្តុំគ្នានៅមុខផ្ទះរបស់លោកកឹមសុ ខា ក្នុងខណ្ឌទួលគោក។ ពលរដ្ឋដាក់ការសន្និដ្ឋានថា កម្លាំង​ប្រដាប់​អាវុធប្រមូលផ្តុំនៅមុខផ្ទះលោក កឹម សុខា នេះ អាចជាការត្រៀមចាប់ខ្លួនលោក កឹម សុខា បើសិន​ជា​មានបញ្ជាពីតុលាការ។

 

ប៉ុន្តែបើតាមការឲ្យដឹងពីលោក ហែម សុជាតិ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​ការពារ​ក្តី​ឲ្យ​លោកកឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកមួយ​ថា ក្រុម​មេធាវី នឹងដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​រារាំង​ការអនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក ពន្យល់ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ មិនអាច​អនុវត្ត​សាល​ក្រម​របស់ខ្លួន​បានទេ  ប្រសិនបើ​មេធាវី​ប្តឹងទៅ​សាលាឧទ្ធរ​ណ៍​ ហើយ​សាលាឧទ្ធរណ៍ កំពុងតែ​ដំណើរការ​នីតិវិធី​នេះ​។

 

សូមបញ្ជាក់ថា កន្លងមក សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ ជា​រឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទ​លើមេដឹកនាំ​បក្ស​​ប្រឆំាងរូបនេះ​ផង​ដែរ។ ចំណែក​អ្នក​វិភាគ  អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស យល់ថាសំណុំរឿងនេះ តុលាការធ្វើឡើងរំលោភ​លើអភ័យ​ឯកសិទ្ធិតំណាងរាស្ត្រ ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបាន​បដិសេធចំពោះការ​លើក​ឡើង​នេះ។ដោយសារសំណុំរឿងនេះលោក កឹម សុខា បានសំងំស្នាក់នៅ​ក្នុងស្នាក់ការគណបក្ស​ជិត​៤ខែហើយ  ពោលគឺបន្ទាប់​ពីសមត្ថកិច្ចប៉ុនប៉ង​ចាប់ខ្លួនលោកកាល​ពីថ្ងៃទី២៦ខែ​ឧសភាមក៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  សាលក្រមលោកកេម សុខា

ព័ត៌មានផ្សេងទៀត