លោកញឹក ប៊ុនឆៃ បដិសេធព័ត៌មាន​សងបំណុល​ជំនួស​ពលរដ្ឋជាថ្នូរ​នឹងសន្លឹកឆ្នោត​

15-09-2016 2:06 pm 4154

ប្រធានគណបក្សខ្មែររួបរួមជាតិលោកញឹក ប៊ុនឆៃ បដិសេធចំពោះព័ត៌មានថា គណបក្សរបស់លោក​សង​បំណុល​ជំនួសពលរដ្ឋ​ជាថ្នូរ​នឹង​ការបោះឆ្នោតឲ្យគណបក្សខ្មែររួបរួមជាតិ។ លោកចាត់ទុកព័ត៌មាននេះ គ្រាន់​​តែជាការ​​ប្រឌិតបង្ខូច​គណ​បក្សលោកតែប៉ុណ្ណោះ។

 

មានលេចឮព័ត៌មានថា គណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ សងបំណុល​ជំនួសពលរដ្ឋ​ជាថ្នូរ​នឹង​ការបោះឆ្នោតឲ្យគណបក្សខ្មែររួបរួមជាតិ ដោយភ្ជាប់លក្ខខណ្ឌ​មួយចំនួនដូចជា ទឹកប្រាក់ជំពាក់​មាន​ទំហំ ក្រោមមួយពាន់ដុល្លារ ហើយជាគ្រួសារដែល​មានសមាជិកច្រើន​ តែត្រូវផឹកទឹកសម្បថ ជាដើម។

 

ប្រភពក្រៅផ្លូវការបានបញ្ជាក់ទៀតថា ពេលនេះប្រជាពលរដ្ឋជាច្រើននាក់កំពុងនាំ​គ្នាសម្រុកយក​ឯកសារ​​ជំពាក់​លុយនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ ទៅកាន់ការិយាល័យ​របស់​លោក​ញឹក ប៊ុន​ឆៃ​​ ដើម្បីបង្ហាញ​ពីតួលេខជំពាក់ដល់លោក។

 

ប៉ុន្តែលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបដិសេធយ៉ាងដាច់អហង្ការថា គណបក្ស​របស់​លោកគ្មានគោលនយោបាយបែបនេះទេ។ លោកចាត់ទុកព័ត៌មាននេះ គឺជាការប្រឌិតបង្ខូច​គណ​បក្សលោកតែប៉ុណ្ណោះ……………………………​…………………………..

 

សំឡេងលោកញឹក ប៊ុនឆៃ៖

 

សូមជម្រាបដែរថា កន្លងមកគេសង្កេតឃើញគណបក្សនយោបាយមួយចំនួនបាន​បញ្ចេញសារនយោ​បាយ​​​ប្លែកៗគ្នា តួ​យ៉ាង​គណបក្សអំណាចខ្មែររបស់លោកសួន សេរីរដ្ឋា ប្រកាសថា បើគណបក្សលោក​ជាប់​ឆ្នោត លោក​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចបានប្រសើរជាងសព្វ​ថ្ងៃនេះ ដោយយ៉ាងហោចណាស់​មួយគ្រួសារ​ត្រូវមាន​មាន់មួយសម្រាប់​ហូបជារៀង​រាល់ថ្ងៃ។ គណបក្សខ្មែរឈប់ក្រ របស់លោកក្រវាញ ដារ៉ន ថា​បើ​ជាប់ឆ្នោត លោកនឹងFree Wifi ទូទាំងប្រទេស។ គណបក្សហ៊្វុន ស៊ិន ប៉ិច​របស់សម្តេចក្រុមព្រះ នរោ​ត្តម រណឬទ្ធ ថានឹងសង​បំណុ​ល​ជំនួសពលរដ្ឋទាំងអស់ ដែលជំពាក់ធនាគារ និងថា ប្រសិនបើ​នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ មន្ត្រី​បក្សនៅ​មូលដ្ឋាន​ណា​បាន​ជាប់​ជា​មេឃុំ ​ព្រះ​អង្គ​នឹងប្រគល់ជូននូវ​ម៉ូតូ​មួយគ្រឿង ហើយអ្នក​បានឈ្នះតំណែង​ជំទប់​ឃុំ ព្រះអង្គ នឹង​ផ្តល់​គោ​ញី​ម្នាក់​មួយ​ក្បា​ល​។ ឯគណបក្ស​សង្គ្រោះជាតិ​ក៏បានសន្យាដោយ​ឧឡារិកថា នឹងផ្តល់លុយដល់មនុស្សចាស់​ដែល​មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នូវ​ទឹក​​ប្រាក់​៤០០០០រៀលក្នុងមួយ​ខែ៕

 

ដោយ៖ខាត់ សុធី

 ពាក្យគន្លឹះ  លោកញ់ឺក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត