ព្យុះទីហ្វុងMerantiបានវាយប្រហារទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងកម្លាំងខ្យល់បោកបក់យ៉ាងខ្លាំង មានភ្លៀងធ្លាក់បង្កជាទឹកជំនន់ផងដែរ។ចរន្ដអគ្គិសនីត្រូវកាត់ផ្ដាច់ជាច្រើនកន្លែង ប៉ុន្ដែមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនមនុស្សស្លាប់ឬរបួសទេ។ព្យុះទីហ្វុងMerantiបានវាយប្រហារនៅភាគខាងត្បូងកោះតៃវ៉ាន់កាលពីថ្ងៃពុធម្សិលមិញ បង្កឲ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងកាត់ផ្ដាច់ចរន្ដអគ្គិសនី ហើយអាជ្ញាធរតៃវ៉ាន់បញ្ជាក់ថាមនុស្ស០៥នាក់រងរបួសតែគ្មានអ្នកស្លាប់ទេ។
ព្យុះទីហ្វុងMerantiបោកបក់លើកោះតៃវ៉ាន់កាលពីម្សិលមិញក្នុងល្បឿនខ្យល់៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្ដែបានធ្លាក់ល្បឿនមកត្រឹមប្រមាណ២៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។ជើងយន្ដហោះនៅចិនជាច្រើនជើងត្រូវលុបចោល ខណៈមនុស្សរាប់ពាន់នាក់បានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។ទូកនេសាទក៏ត្រូវប្រកាសឲ្យត្រឡប់មកកំពង់ផែវិញ៕