កម្ពុជា​ស្នើ​ចិន​​បន្ត​ជំរុញ​អ្នកវិនិយោគ​​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​​

11-09-2016 11:43 am 1600

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ផឹង ឈីវហ៊ លេខាធិការ គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន តំបន់​ស្វយ័ត ខេត្ត​ក្វាង​ស៊ី លោក​ហ៊ុន សែន បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី បន្ត​ជំរុញ​អ្នកវិនិយោគ​ពី​ខេត្ត​ក្វាង​ស៊ី ទៅ​បណ្តាក់ទុន​វិនិយោគ ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត ពិសេស​ខិតខំ​ធ្វើយ៉ាងណា ជំរុញ​កំណើន នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​ក្វាង​ស៊ី ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ថែម​ទៀត​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បន្ត​ឲ្យដឹងថា នៅ​លើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ខេត្ត​ក្វាង​ស៊ី កម្ពុជា​បាន​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៥ និង​រហូត​ដល់​ពេល​នេះ ទំហំ​វិនិយោគ​រវាង​កម្ពុជា និង​ខេត្ត​ក្វាង​ស៊ី កើនឡើង​ដល់​៥៨​លាន​ដុល្លារ​។ នៅក្នុង​ជំនួប​ពិភាក្សា​ដដែល​នោះ ភាគី​ទាំងពីរ​ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​ខេត្ត​ក្វាង​ស៊ី​។ ក្នុង​កិច្ច​ពិភាក្សា​គ្នា​គ្នា​នោះ​ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការជំរុញ​វិស័យ​អប់រំ និង​វប្បធម៌ ផងដែរ​។​

​គួរ​ជម្រាប​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណប្រតិភូ​ចូលរួម​ការតាំង​ពិ​ព័​រណ៌​អាស៊ាន​-​ចិន​លើក​ទី​១៣ នៅ​ទីក្រុង​ណាន​នី​ញ ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​រយៈពេល​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែ​កញ្ញា ២០១៦​។​

​សូមបញ្ជាក់​ថា ការតាំង​ពិព័ណ៌ អាស៊ាន​-​ចិន នេះ​គឺ​ក្រោម​ប្រធានបទ «​ការកសាង​ផ្លូវ​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១ និង​វេទិកា​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន លើក​ទី​១» ។ បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង កម្ពុជា និង​ចិន កំពុង​មាន​ភាពល្អប្រសើ​រ ក្នុងនោះ លោក​ហ៊ុន សែន ក៏​ធ្លាប់បាន​ពិភាក្សា​យ៉ាង​ល្អ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ជាច្រើន​ដង​រួចមកហើយ លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​ក្នុងនោះ​មាន​ទំនាក់ទំនង​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ចកម្ម និង​វិនិយោគ​ទេសចរណ៍ ហើយ​ជា​អាទិភាព​នៃ​កិច្ចពិភាក្សា នាយករដ្ឋមន្ត្រី​ចិន បាន​ប្រកាស​ផ្តល់​ឱ្យ​កម្ពុជា​នាំ​អង្ករ ទៅកាន់​ប្រទេស​ចិន​ពី​ចំនួន​១០​ម៉ឺន​តោន ទៅ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដោយ​រួច​ព​ន្ឋ​ផងដែរ​៕

 ពាក្យគន្លឹះ  កម្ពុជា-ចិន

ព័ត៌មានផ្សេងទៀត