កូរ៉េខាងត្បូង​​សង្ស័យ​​កូរ៉េ​ខាងជើង​​បាន​ធ្វើ​តេស្ត​​នុយក្លេអ៊ែរ​លើក​ទី​៥

09-09-2016 10:15 am 1793
កូរ៉េខាងជើងធ្លាប់ធ្វើតេស្តនុយក្លេអ៊ែរក្រោមដីនៅ​Punggye-ri


ម៉ោងប្រមាណជាង៩ព្រឹក​​ថ្ងៃទី​៩​កញ្ញា​នេះ សំឡេងញ័រ​រញ្ជួយ ​បាន​លាន់លឺ​ចេញ​ពី​ទីតាំង​ដែល​កូរ៉េខាងជើង​ធ្លាប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចំនួន​៤​លើក ​ចាប់​តាំងពី​ឆ្នាំ​២០០៦​មក​។ ការ​រំ​ញ័រ​នោះ​ត្រូវបាន​គេ​ចុះផ្សាយ​ថា ជា​ការរញ្ជួយ​ដី​កម្រិត​៥.៣​រ៉ិ​ចទ័​រ​។

ភ្លាមៗ​កូរ៉េខាងត្បូង​ក៏​មិន​បាន​ច្រានចោល​ថា​មិនមែន​ជា​ការរញ្ជួយ​ដី​ដែរ ប៉ុន្តែ​គេ​ក៏​មិន​បាន​ច្រាន​ចោល​ដែរ​ថា សំឡេង​ញ័រ​រញ្ជួយ​ដ៏​សម្បើម​នោះ ​ជា​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន BBC​របស់​អង់គ្លេស​។ មូលហេតុ ដោយសារ​សំឡេង​ញ័រ​រញ្ជួយ​បាន​លាន់លឺ​ចេញពី​Punggye-ri ជា​ទីតាំង​ដែល​កូរ៉េខាងជើង​ធ្លាប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចំនួន​៤​លើក​រួចមកហើយ​។ ម្យ៉ាងវិញទៀត កាលពី​ពេល​ថ្មីៗ​នេះ រូបភាព​ផ្កាយរណប​និង​ទិន្នន័យ​ទទួលបាន​ពី​ការ​ស៊ើប​ការសម្ងាត់ បានបង្ហាញ​ថា មាន​សកម្មភាព​កើន​ឡើង​នៅ​ទីតាំង​ដែល​កូរ៉េខាងជើង​ធ្លាប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ពីមុន​។

 

​អ្វី​ដែល​ជា​ការកត់សំគាល់ នៅ​ថ្ងៃ​សុក្រ​ទី​៩​កញ្ញា​នេះ ជា​​ទិវា​ជាតិ​របស់​កូរ៉េខាងជើង គឺជា​ថ្ងៃ​នៃ​​ការបង្កើតសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ក្នុង​ឆ្នាំ​១៩៤៨​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ កូរ៉េខាងជើង​តែងតែ បង្ហាញ​ឥទ្ធិពល​យោធា​របស់​ខ្លួន​។​

 

​បើ​តាម​អ្នក​អង្កេត​ភូមិសាស្ត្រ​របស់​អាមេរិក ដែល​តាមដាន​សកម្មភាព​រញ្ជួយ​ជា​សាកល បាន​និយាយថា កា​រញ្ជួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ជា​សំឡេង​ផ្ទុះ​។ ប៉ុន្តែ​គេ​មិន​អាច​កំណត់​បាន​នៅឡើយ ថា​ការផ្ទុះ​នោះ​ជា​សំឡេង​នៃ​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ ឬជា​ការផ្ទុះប្រភេទ​ណា​នៅឡើយ​នោះទេ​។ ចំណែក​កូរ៉េខាងជើង​មិនទាន់អត្ថាធិប្បាយ​បែបណា នៅឡើយ ថា​ជា​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ឬ​យ៉ាងណា​។​

 

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចំនួន​៤​លើក​មក​ហើយ នៅក្នុង​នោះ​លើកទីមួយ​នៅ​ឆ្នាំ ២០០៦​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០០៩ លើក​ទី​បី​នៅ​ឆ្នាំ​២០១៣ និង​លើក​ទី​បួន​នៅ​ខែ​មករា​ឆ្នាំ​២០១៦៕

 

ព័ត៌មានផ្សេងទៀត