លោក​កឹម សុខា​៖ ​«​សព្វ​ថ្ងៃ​ខ្ញុំ​មានទុក្ខ​​តែ​សំខាន់​​កុំ​ឲ្យ​ជាតិ​ខ្ញុំ​​មាន​គ្រោះថ្នាក់​» ​

09-09-2016 10:05 am 29209
លោកកឹម សុខា កំពុងចេញពីក្នុងស្នាក់ការមកថ្លែងការណ៍ទៅកាន់អ្នកគាំទ្រ នាព្រឹកថ្ងៃទី ៩ កញ្ញា ២០១៦

«​សព្វ​ថ្ងៃ​ខ្ញុំ​មានទុក្ខ​តែ​សំខាន់​កុំ​ឲ្យ​ជាតិ​ខ្ញុំ​មាន​គ្រោះថ្នាក់​» ជា​សារ​នយោបាយ​ខ្លី​មួយ​របស់​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​ង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​មុន​នេះ​បន្តិច នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​។

លោក​កឹម សុខា បាន​ថ្លែង​ឲ្យដឹង​ទៀត​ថា លោក​នៅតែ​បន្ត​ធ្វើ​ការតស៊ូ​បន្តទៀត បើ​ទោះបីជា​លោក​រង​នូវ​ការគៀបសង្កត់ ឬ​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងណាក្ដី​។ លោក​បាន​បញ្ជាក់ថា បើ​ទោះបីជា​ពេលនេះ​លោក​កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្ដី តែ​សំខាន់​លោក​មិន​ចង់​ឃើញ​ជាតិ​របស់​លោក​គ្រោះថ្នាក់​នោះ​ទេ​។ មួយវិញទៀត​លោក​កឹម សុខា អះអាងថា​នឹង​នៅតែ​បន្ត​ចរចា និង​បន្ត​រក​ដំណោះស្រាយ​រឿងរ៉ាវ​មួយចំនួន​ដោយ​សន្តិវិធី ហើយ​ការតស៊ូ​របស់​លោក​នៅតែ​ជា​លក្ខណៈ  អហិង្សា​ដដែល​។​

​គួរ​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ លោក​កឹម សុខា​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​ថ្លែងការណ៍​នៅមុខ​ទីស្នាក់ការ​គណបក្ស​ដោយផ្ទាល់ ស្រប​ពេល​តុលាការ​បាន​នឹង​កំពុង​បើក​សវនាការ​កាត់ក្តី​សំណុំរឿង​លើ​រូប​លោក​នៅ​ពេល​នេះ​ដែរ​។

​ជាមួយគ្នានេះដែរ ក្រៅតែពី​ការប្រមូលផ្ដុំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ឡើង​មក​ពី​បណ្ដា​ខេត្ត​ដើម្បី​គាំទ្រ​លោក​កឹម សុខា គេ​ក៏​សង្កេតឃើញថា​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ត្រូវបាន​គេ​ដាក់​ពង្រាយ​នៅខាងមុខ​ស្នាក់ការ​គណបក្ស ព្រម​ទាំង​នៅលើ​ដងផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

(ដោយ៖ ចេន សុជាតា)

 


 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត