មេធាវីប្តឹងដិតចិត្តលោកកែវ មុនីចៅក្រមជំនុំជម្រះ ចេញពីសំណុំ​រឿងលោកកឹម សុខា

08-09-2016 4:31 pm 13765

មេធាវីការពារក្តីលោកកឹម សុខា ទាំងប្រាំរូប​បានសម្រេចដាក់ពាក្យបណ្តឹងដិត​ចិត្ត ទៅប្រធាន​សាលា​ឧទ្ធរ​ណ៍​ សុំប្តឹងដិត​ចិត្ត ​ លោកកែវ មុនីចៅក្រមជំនុំជម្រះសាលា​ដំបូង​រាជធានីភ្នំពេញ ចេញពីសំណុំ​រឿង​ព្រហ្ម​ទណ្ឌលេខ២៤០១ ចុះថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។

 

មូលហេតុនៃការប្តឹងនេះ ត្រូវបានក្រុមមេធាវីលោកកឹម សុខាជម្រាបទៅប្រធានសាលា​ឧទ្ធរណ៍ថា ដោយ​សារកន្លងមក លោកកែវ មុនីដែលជាចៅក្រមជំនុះជម្រះ ក្នុងសំណុំ​រឿងព្រហ្ម​ទណ្ឌលេខ២៩០១ ចុះថ្ងៃ​ទី​​២៦ ឧសភា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានី​ភ្នំពេញ ធ្លាប់ទទួលបន្ទុកចាត់ការ លើសំណុំរឿង​ព្រហ្ម​​ទណ្ឌដែលទាក់ទងទៅនឹងមន្ត្រី​ជាន់ខ្ពស់គណបក្សប្រឆាំង ហើយដែលទទួលរងនូវការរិះ​គន់ពី​ប្រ​ជា​​ពលរដ្ឋថា មិនមាន​ឯករាជ្យភាព និងមាននិន្នាការនយោបាយ។

 

ដោយកត់សម្គាល់បែបនេះ ក្រុមមេធាវីការពារក្តីលោកកឹម សុខា ពុំមានជំនឿថា លោកកែវ មុនី អាច​វិនិ​ច្ឆ័យសេចក្តី ដោយឈរលើគោលជំហរអព្យាក្រិត្យ ឯករាជភាព ក្នុងការចាត់​ការ​រឿងក្តី ដើម្បីស្វែង​រក​យុត្តិធម៌ជូនកូនក្តីបានឡើយ។

 

បើតាមមាត្រា៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា  ចៅក្រមទាំងឡាយអាចត្រូវប្តឹង​ដិតចិត្ត​ដោយ​មូល​ហេតុដូចខាងក្រោម៖

 

កាលណាចៅក្រម ឬសហព័ទ្ធរបស់ចៅក្រម ឬអតីតសហព័ទ្ធរបស់ចៅក្រម ជាភាគីណា​មួយក្នុងរឿងក្តី។ កាលណាចៅក្រម ជាញាតិលោហិត ដល់ថ្នាក់ទី៦ ឬជាញាតិពន្ធ​រហូតដល់ថ្នាក់ទី៣ ឬអតីត​ញាតិពន្ធ​រហូត​​ដល់ថ្នាក់ទី៣ របស់ភាគីណាមួយ។កាលណា​ចៅក្រម ជាអ្នកអាណាព្យាបាល​របស់ភាគី​ណា​មួយ​។​​កាលណាចៅក្រម ដែលទទួល​បន្ទុករឿងក្តី ធ្លាប់ ឬកំពុងមានវិវាទ នៅតុលាការជាមួយ​ភាគីណា​មួយ​។​កាល​ណាចៅក្រមបានធ្វើជាសាក្សី ឬជាអ្នកជំនាញក្នុងរឿងក្តី។ កាលណាចៅក្រមជា ឬធ្លាប់ជា​តំណាង ឬ​ជា​អ្នកជំនួយឲ្យភាគីចំពោះរឿងក្តី។ កាលណាចៅក្រម បានចូលរួមក្នុងការ​សម្រេចក្តី ក្នុងនាម​ជាម​ជ្ឈ​ត្តករ​ចំពោះរឿងក្តី ឬបានចូលរួមក្នុងការសម្រេចក្តី នៅសាលា​ដំបូង ដែលបានប្តឹងឧបាស្រ័យ ឬមាន​ការជំនុំ​ជម្រះ​នៃបណ្តឹងឧទ្ធរណ៍ ដែលបានឧបា​ស្រ័យ ឬបង្ហាញមតិណែនាំ ផ្នែកច្បាប់ចំពោះរឿងក្តី។

 

សូមបញ្ជាក់ថា បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បិទបញ្ចប់ការស៊ើប​សួរ​លើ​សំណុំ​រឿងលោកកឹម សុខា គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែង​ការណ៍​ថ្កោលទោស លើចំណាត់ការ​នេះ​។ ចំណែកក្រុមមេធាវីការពារក្តីលោកកឹម សុខា បានខិត​ខំ​ស្វះស្វែងរកដំណោះស្រាយ តាមរយៈ​បណ្តឹង​ទាស់ផ្សេងៗ ដូចជាប្តឹងឧទ្ធរណ៍ចំពោះ​ដី​កា​​ដំណោះស្រាយរបស់ចៅក្រម​ ស៊ើបសួរសាលា​ដំបូង​រាជធានីភ្នំពេញ ត្រង់ចំណុចទាំង​មូលនៃ​សេចក្តី​សម្រេច និងនៅថ្ងៃទី០៦ កញ្ញា ​ក្រុមមេធាវីការពារក្តី​លោក​​កឹម សុខា​សម្រេច​ដាក់​បណ្តឹ​ង​សាទុក្ខ​ប្រឆាំងនឹងការ​សម្រេចរបស់​សភាស៊ើប​សួរ​ សាលា​ឧទ្ធរ​ណ៍​នេះ​ទៀត។

 

នៅចុងក្រោយនេះក្រុមមេធាវី បែរជាប្តឹងដិតចិត្តលោកកែវ មុនីចៅក្រមជំនុំជម្រះសាលា​ដំបូង​រាជធានី​ភ្នំពេ​​ញ ចេញពីសំណុំ​រឿង​ព្រហ្ម​ទណ្ឌលោកកឹម សុខានេះវិញ។ចាំមើល​ចុងក្រោយ​នេះ តើប្រធាន​សា​លា​​ឧទ្ធរណ៍ មានចំណាត់ការបែបណាចំពោះលោកកែវ មុនីចៅក្រមជំនុំជម្រះសាលា​ដំបូង​រាជធានី​ភ្នំ​ពេញ៕

 

ដោយ៖ខាត់ សុធី

 

 

 ពាក្យគន្លឹះ  មេធាវីលោកកឹម សុខា

ព័ត៌មានផ្សេងទៀត