ចិន​រង​សម្ពាធ​​ក្នុង​កិច្ចប្រជុំ​​​អាស៊ាន​​នៅ​ឡាវ​​ជុំវិញ​ជម្លោះ​​​សមុទ្រ​ចិន​​ខាងត្បូង​

08-09-2016 4:14 pm 2244
នាយករដ្ឋមន្ដ្រីចិន(ឆ្វេង)ចាប់ដៃខ្វែងជាមួយប្រធានាធិបតីហ្វីលីពីន(ស្ដាំ)

​ទីក្រុង​ប៉េកាំង​បាន​រង​សម្ពាធ​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ឡាវ ជុំវិញ​សកម្មភាព​សាងសង់​ដែន​កោះ​ខុសច្បាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កំពុង​មាន​ជម្លោះ​ខ្លាំង​ជាមួយ​ហ្វីលីពីន​និង​វៀតណាម រួម​ទាំង​ប្រទេស​មួយចំនួន​ទៀត​។​នៅក្នុង​កិច្ចប្រជុំ​ហ្វីលីពីន​បានបង្ហាញ​រូបភាព​ដែល​អះអាង​ថា ចិន​បាន​ធ្វើ​សកម្មភាព​សាងសង់​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិ​ន​ខាងត្បូង​។​


​បើ​តាម​ចិន​ប្រកែក​ថា​មិន​បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ទេ ប៉ុន្ដែ​ហ្វីលីពីន​បានបង្ហាញ​រូបភាព​យ៉ាងច្បាស់ ឃើញ​មាន​នាវា​ចិន​ក្នុង​តំបន់​កំពុង​បូម​ខ្សាច់​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​កសាង​កោះ​សិប្បនិម្មិត​មួយ​។​រូបភាព​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ចូលរួម ក្រោយមក​បាន​បង្ក​ការព្រួយបារម្ភ​ដល់​ប្រទេស​ក្នុង​តំបន់​។​


​សេចក្ដីថ្លែងការណ៍​រួម​ចេញ​ពេល​កិច្ចប្រជុំ​ធ្វើឡើង​បាន​ពីរ​ថ្ងៃ​បានឲ្យដឹងថា “​យើង​នៅតែ​បារម្ភ​ខ្លាំង​ជុំវិញ​ការបន្ដ​អភិវឌ្ឍន៍​ថ្មីៗ​នេះ ហើយ​មេដឹកនាំ​នៃ​ប្រទេស​ពាក់ព័ន្ធ​ក៏​ព្រួយបារម្ភ​ដែរ​។​”
​សូមបញ្ជាក់​ថា ចិន​បាន​អះអាង​ស្ទើរតែ​ទាំងមូល​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​កម្មសិទ្ធិ​របស់​គេ​។​ប៉ុន្ដែ​ការប្រកាស​បែប​នេះ ធ្វើឲ្យ​ប្រទេស​ពាក់ព័ន្ធ​ខឹង​យ៉ាង​ខ្លាំង ពិសេស​ហ្វីលីពីន​និង​វៀតណាម​។​និយាយ​ពី​ហ្វីលីពីន​វិញ ថ្មីៗ​នេះ​បាន​ឡើង​កម្ដៅ​ជាមួយ​ចិន គឺ​ក្រោយពេល​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុ​ឡាអេ ចេញ​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​១២​កក្កដា ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន រឿង​ពាក្យបណ្ដឹង​ប្ដឹង​ចិន​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ឆ្នាំ​២០១៣​។​


​បន្ទាប់ពី​នោះ​ចិន​ប្រកាស​បដិសេធ​ដាច់ខាត មិន​ទទួលស្គាល់​ការកាត់ក្ដី​របស់​តុលាការ​ទេ ហើយ​ថា​តុលាការ​គ្មាន​ដែន​សមត្ថកិច្ច​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​ហ្វីលីពីន​ចង់​ឲ្យ​ចិន​ទទួលស្គាល់​អ្វីដែល​ខ្លួន​គិតថា​ជា​ការពិត ឯ​ចិន​វិញ​ប្រកាន់​ជំហរ​ថា​ខ្លួន​មិន​ខុស​ទេ​ដែល​អះអាង​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ភាព​រឹងទទឹង​រៀងៗ​ខ្លួន ធ្វើឲ្យ​ចិន​និង​ហ្វីលីពីន​តឹងស​រសៃកដាក់​គ្នា​មិនទាន់​បាត់​ផង​រហូតដល់​ពេល​នេះ​៕

ព័ត៌មានផ្សេងទៀត