មេធាវី​លោកកឹម សុខា​ដាក់បណ្តឹង​សាទុក្ខ​ប្រឆាំងនឹង​ការសម្រេច​របស់សាលាឧទ្ធរណ៍​បន្តទៀត​

07-09-2016 11:57 am 4951

កាលពីចុងខែសីហា កន្លងទៅសហមេធាវីកាពារសិទ្ធិលោកកឹម សុខា បាន​សម្រេចប្តឹង​ឧទ្ឋរណ៍ចំពោះ​ដី​កា​​ដំណោះស្រាយរបស់ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទាំងមូលនៃ​សេចក្តី​សម្រេច។តែសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីព្រឹក​ថ្ងៃទី៥ ខែកញ្ញា បានបើកសវនាការលើ​បណ្តឹង​ជំ​ទាស់ របស់ក្រុមមេធាវីការពារក្តីលោកកឹម សុខា ហើយបានសម្រេច ច្រានចោលបណ្តឹងនេះ ដោយ​មិន​ឯក​​ភាព​តាមសំណើ របស់ក្រុមមេធាវីដែលស្នើឲ្យ​បង្អង់ នីតិវិធីសំណុំរឿង លោកកឹម សុខា នៅ​សាលា​ដំ​បូងរាជធានីភ្នំពេញ នោះទេ។ ទើបថ្ងៃទី០៦ កញ្ញា ​ក្រុមមេធាវីការពារក្តីលោកកឹម សុខា​សម្រេច​ដាក់​បណ្តឹ​ង​សាទុក្ខ​ប្រឆាំងនឹងការ​សម្រេចរបស់​សភាស៊ើប​សួរ​សាលា​ឧទ្ធរណ៍ ជាបន្តទៀត។

 

បើតាមការប្រកាស របស់សាលាដំបូងរាជធានីភ្នំពេញ ការជំនុំជម្រះចំពោះសំណុំរឿង «មិនចូលខ្លួន» រប​ស់​ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងធ្វើឡើង​នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៦ ខាង​មុខនេះ។ លោក កឹម សុខា ត្រូវបានតុលាការចោទ​ប្រកាន់ពី បទល្មើសជាក់ស្តែង ក្នុង​ការមិនចូល​ខ្លួនឆ្លើយបំភ្លឺ ចំពោះសំណុំរឿងសញ្ចារកម្ម បន្ទាប់ពីលោកអវត្តមានលើកទី២ ក្នុងការចូល​ឆ្លើយបំភ្លឺ តាម​ការកោះហៅ កាលពីខែឧសភា ឆ្នាំ២០១៦មក។

 

សហមេធាវីកាពារក្តីលោកកឹម សុខា ដែលមានសមាជិកទាំងអស់៥រូប បានបញ្ជាក់នៅ​ក្នុង​​បណ្តឹង​នោះ​ថា​ ការចេញសាលដីកាកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា របស់សភាស៊ើប​សួរសាលាឧទ្ធរណ៍ ធ្វើឲ្យប៉ះ​ពាល់​​ដល់​សិទ្ឋិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្តី ។​អាស្រ័យ​ហេតុ​នេះ ទើបសហមេធាវីដាពាក្យ​បណ្តឹ​ង​​សាទុក្ខលើសាលដីកា ចុះថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៦ របស់សភា​ស៊ើបសួរសាលាឧទ្ធរណ៍ ត្រង់​ចំណុ​ច​ទាំង​មូលនៃសេចក្តីសម្រេច។​

 

សូមបញ្ជាក់ថា សំណុំ​រឿង​ខាងលើនេះពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង​សញ្ចារកម្ម​ជាមួយ​កញ្ញា ខុម ចាន់តារាទី ហៅស្រី​មុំ ហើយដោយសារតែសំណុំរឿងនេះ បានរុញ​ច្រាន​ឲ្យ​លោក កឹម សុខា ត្រូវ​វ័ណ្ឌ​ក​រហូតដល់​សំងំតែក្នុងទីស្នាក់ការគណបក្សជាង៣ខែមកហើយ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត