កម្ពុជា​ស្នើ​ចិន​​ផ្តល់​អ្នកបច្ចេកទេស​​ដើម្បី​សិក្សា​ និង​រៀប​គម្រោង​​ប្លង់​មេ​​គ្រប់គ្រង​​ធនធានទឹក​​

06-09-2016 4:10 pm 1214

​ថ្វី​ដ្បិតថា​កម្ពុជា​ជា​ប្រទេស​មួយ​មាន​ប្រភពទឹក​ច្រើន​ក៏​ពិតមែន ក៏​ប៉ុន្តែ​កម្ពុជា​ពុំទាន់​មាន​លទ្ធភាព​ក្នុង​ការរៀបចំ​ប្លង់​មេ​គ្រប់គ្រង​ធនធានទឹ​កឲ្យល្អប្រសើរ ព្រម​ទាំង​ពុំ​ទាន់​អាច​ទាយ​ផលប្រយោជន៍​ពី​ធនធាន​ទឹក​ឲ្យបាន​ច្រើន ម្ល៉ោះហើយ​កម្ពុជា​បាន​នឹង​កំពុង​ស្វែងរក ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ចិន​ដែល​ជា​មិត្ត​ដើម្បី​ជួយ​អភិវឌ្ឍ​លើ​វិស័យ​មួយ​នេះ​។

 

​ប្រទេស​កម្ពុជា តាមរយៈ​លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ស្នើ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​សម​ភាគី ជួយ​ផ្ដល់​អ្នកបច្ចេកទេស មក​សហការ​ជាមួយ​អ្នកបច្ចេកទេស​ក្រសួង ដើម្បី​សិក្សា និង​រៀបចំ​ជា​គម្រោង​ប្លង់​មេ គ្រប់គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា ព្រម​ជាមួយ​ការជួយ​បង្កើត​វិទ្យាស្ថាន​ទឹក និង​ដំណាំ និង​ការជួយ​ទទួលយក​និស្សិត និង​មន្ត្រីរាជការ ទៅ​បណ្តុះបណ្តាល នៅ​ប្រទេស​ចិន​។ ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឈិន ឡី រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ទីស្ដីការក្រសួង​។​


​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ លោក លឹម គានហោ បាន​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​លោក ឈិន ឡី និង​គណៈប្រតិភូ​នូវ​សក្តានុពល​ទឹក​របស់​កម្ពុជា ពិសេស​សក្តានុពល​ទឹក​ពី​ទន្លមេគង្គ ទន្លេសាប និង បណ្តា​ស្ទឹង សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប​។ លោក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​មាន​ប្រភព​ធនធាន​ទឹក​ច្រើន ប៉ុន្តែ​យើង​មិនទាន់​ឈាន​ទៅ​គ្រប់គ្រង​បាន​ទាំងស្រុង​ទេ ឯការ​ទាញ​យកមក​ប្រើ​ប្រា​ស់ ក៏​មិន​ទាន់​អស់ លទ្ធភាព​ដែរ ។ លោក​លឹម គានហោ បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ ដោយ​មាន​ការយកចិត្ត​ទុកដាក់ ពី​រដ្ឋាភិបាល និង​ការឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ពិសេស​ពី​ប្រទេស​ចិន​ជា​មិត្ត កម្ពុជា​បាន​ធ្វើ ការងារ នេះ​ជា​បណ្តើរៗ​ហើយ ។ ទោះជា​បែប​នេះ​ក្តី យើង​ត្រូវការ​នូវ​គម្រោង​ប្លង់​មេ មួយ​ច្បាស់លាស់ បន្ថែមទៀត ដើម្បី​ឲ្យ​ការងារ​នេះ​កាន់តែ​សុក្រឹត និង​មាន​ប្រសិទ្ធភាព​។


​ជា​ការឆ្លើយតប តាមរយៈ​លោក ឈិន ឡី ប្រទេស​ចិន​បាន​សន្យាថា នឹង​នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា​បន្ថែម​ទៀត ហើយក៏​បាន​អញ្ជើញ​លោក លឹម គានហោ   រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ចំណែក​លោក លឹម គានហោ ថា​នឹង​ដឹកនាំ​គណប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​សមស្រប​ណាមួយ​៕


(​ដោយ​៖ ចេ​ន សុជាតា​)

 ពាក្យគន្លឹះ  ក្រសួងធនធានទឹក

ព័ត៌មានផ្សេងទៀត