ជប៉ុន​ផ្តល់​ជំនួយ​ជាង​១៣​ម៉ឺន​ដុល្លារ​លើ​គម្រោង​ថែទាំ​សុខភាព​នៅ​ខេត្ត​កំពង់ចាម​

06-09-2016 11:45 am 981
រូបភាពពីគេហទំព័ស្ថានទូតជប៉ុននៅកម្ពុជា

ថវិការ​ចំនួន​១៣៤,៥២៦​ដុល្លារ​អាមេរិក ត្រូវបាន​ផ្តល់ឲ្យ​មូលនិធិ​ជប៉ុន​PHJ ក្នុង​គម្រោង ពង្រឹង​ប្រព័ន្ធ​សុខភាព​ថែទាំ​សុខភាព​បឋម​មាតា និង​ទារក​ខេត្ត​កំពង់ចាម​។ ការផ្តល់​ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០៥ ខែ កញ្ញា ឆ្នាំ ២០១៦ រវាង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង លោកស្រី ណា​កាតា យូ​ស៊ីមិ នាយិកា​មូលនិធិ​ជប៉ុន​PHJ​។


​តាមរយៈ​ជំនួយឥតសំណង​ទៅលើ​គម្រោង​នេះ មូលនិធិ​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ឆ្មប​មធ្យម​តាម​មណ្ឌល​សុខភាព​គោលដៅ ព្រមទាំង​អ្នកស្ម័គ្រចិត្ត​សុខាភិបាល​តាម​ភូមិ​មួយចំនួន និង​ធ្វើ​ការជួសជុល​កែលម្អ​មណ្ឌល​សុខភាព ជាមួយ​និង​ការបំពាក់​នូវ​បរិក្ខា​ពេទ្យ​មួយចំនួន​នៅក្នុង​មណ្ឌល​សុខភាព​គោលដៅ​ផង​ដែរ​។


​សូម​បញ្ជាក់​ដែរ​ថា កម្មវិធី​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ត្រូវបាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​អភិវឌ្ឍន៍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន​។


​ចាប់តាំងពី​ឆ្នាំ ២០០២​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា​២៦.១​លាន​ដុល្លារ​ដល់​គម្រោង​ចំនួន​៩៤ ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​។

សម្រាប់​គម្រោង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០៥ ខែ កញ្ញា ឆ្នាំ ២០១៦ គឺជា​គម្រោង​ទី​២ តាមរយៈ​គ្រោងការណ៍​នៃ​ជំនួយ​នេះ​នៅ​កម្ពុជា សម្រាប់​ឆ្នាំសារពើពន្ធ​ឆ្នាំ​២០១៦​របស់​ជប៉ុន ដែល​បាន​ចាប់ផ្តើម​ពី​ខែ​មេសា ២០១៦ ដល់​មិនា ២០១៧៕

( ដោយ៖ សឹង សុថានី )

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត