លោក​ស៊ី ជីន​ពីង​​ប្រាប់​លោក​ស្រី​គុន​ហេ​ថា​​នៅតែ​មិន​ពេញចិត្ដ​​ការដំឡើង​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​

05-09-2016 3:16 pm 1718
ប្រធានាធិបតី​កូរ៉េខាងត្បូង(ឆ្វេង)​ចាប់ដៃជាមួយ​ប្រធានាធិបតីចិន

​ចិន​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំងនឹង​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ដដែល​។​តាម​សម្ដី​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​និយាយ​ទៅកាន់​លោកស្រី​ប៉ាក គុន​ហេ ពេល​លោក​ស្រី​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​G20 លោក​ស៊ី​បញ្ជាក់ថា “​ការចាត់ចែង​បញ្ហា​ដោយ​គ្មាន​ពិចារណា​ច្បាស់លាស់ នឹង​បណ្ដាលឲ្យមាន អស្ថេរភាព​ក្នុង​តំបន់ ឬ​អាច​ឈាន​ដល់​ជម្លោះ​ក៏​ថា​បាន​។​”


​លោក​ស៊ី​នៅតែ​អះអាង​ពី​ការប្ដេជ្ញាចិត្ដ​របស់​ចិ​ន គឺ​ជំរុញ​ឲ្យ​ប្រកាស​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ ហើយ​ត្រូវ​រក្សា​ឲ្យបាន​នូវ​សន្ដិភាព​និង​ស្ថេរភាព​នៃ​ឧបទ្វីប​មួយ​នេះ​។​ចំពោះ​បញ្ហា​ពាក់ព័ន្ធ ត្រូវ​បញ្ចប់​តាមរយៈ​កិច្ចពិភាក្សា​ឬ​ការប្រឹក្សា​យោបល់​។​លោក​ស៊ី​ក៏​បាន​ជំរុញ​ឲ្យ​ប្រកាន់ខ្ជាប់​តាម​វេទិកា​ពិភាក្សា​០៦​ភាគី ព្រោះ​ភាគី​ទាំង​០៦​បាន​រុញច្រាន​ស្វែងរក​វិធីសាស្ដ្រ​ដែល​មាន​តុល្យភាព មក​ដោះស្រាយ​បញ្ហា​ដែល​មាន​ស្រាប់ និង​ត្រូវ​រក​ឫសគល់​នៃ​បញ្ហា ធ្វើយ៉ាងណា​ឲ្យមាន សន្ដិភាព ស្ថេរភាព​យូរអង្វែង​លើ​ឧបទ្វីប​កូរ៉េ​។​

រូបភាពនៃប្រព័ន្ធការមីស៊ីលអាមេរិកTHAADពេលកំពុងបាញ់សាកល្បង


​ដោយ​កូរ៉េ​ខាងត្បូង​និង​ចិន​ជា​អ្នក​ជិតខាង​នឹង​គ្នា ហើយ​តែង​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក ហេតុ​នេះ​ភាគី​ទាំង​ពីរ​គួរតែ​ចែករំលែក​ផលប្រយោជន៍​រយៈពេល​វែង​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​សន្ដិភាព​ក្នុង​តំបន់​។​ចិន​និង​កូរ៉េខាងត្បូង​គួរតែ​បង្កើន​ទំនុកចិត្ដ​ជា​មួយគ្នា រក្សា​កិច្ចសហប្រតិបត្ដិការ ហើយ​ដោះស្រាយ​បញ្ហា​ប្រឈម​ស្មុគស្មាញ​កន្លង​មក​ចេញ ក្នុងន័យ​រឹតចំណង​មិត្ដភាព និង​ដើរ​លើ​ផ្លូវត្រូវ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាពល្អប្រសើរ​។​


​សូមបញ្ជាក់​ថា ចិន​គឺ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេង​ទៀត​មាន​កូរ៉េខាងជើង​និង​រុស្ស៊ី​ជាដើម ដែល​មិន​ពេញចិត្ដ​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​។​ចិន​ថា​ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ អាច​តាមដាន​ដឹង​ពី​សកម្មភាព​យោធា​របស់​ចិន​។​អ៊ីចឹង​ទេ​វា​ជា​ហានិភ័យ​សម្រាប់​ចិន​។​រុស្ស៊ី​វិញ​កន្លងមក​ក៏​ធ្លាប់​ប្រតិកម្ម ហើយ​លើក​ហេតុផល​ដូច​គ្នា​នឹង​ចិន​ដែរ​៕

ព័ត៌មានផ្សេងទៀត