លោក​អូ​បា​ម៉ា​​ប្រាប់​ចិន​​គួរ​ឈប់​បង្ហាញ​សាច់ដុំ​​ទៀត​ទៅ​​ជុំវិញ​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​

03-09-2016 9:59 am 7409
រូបតូចលោកអូបាម៉ា រូបធំទិដ្ឋភាព​នៃដែនកោះ​ក្នុងសមុទ្រចិនខាងត្បូង

“​ចិន​ចាំបាច់​ត្រូវ​មាន​ការ​ទ​ទូល​ខុស​ត្រូវ​ឲ្យបាន​ខ្លាំង​ជាង​មុន ខណៈ​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​ក្នុង​ពិភពលោក ហើយ​ត្រូវ​ចៀសវាង​ការបង្ហាញ​សាច់ដុំ​ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្រទេស​តូច​ជាង​ខ្លួន ដូច​ជា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​”​នេះ​ជា​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា ប្រាប់​ដល់​បណ្ដាញ​សារព័ត៌មាន​CNN​ក្នុង​ពេល​ធ្វើ​បទសម្ភាសន៍​។​

 

​លោក​អូ​បា​ម៉ា​នឹង​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​នៅ​កិច្ចប្រជុំ​G20​នា​សប្ដាហ៍​ក្រោយ​ក្នុង​ប្រទេស​ចិន​។​លោក​អូ​បា​ម៉ា​ឲ្យដឹងទៀតថា អាមេរិក​គាំទ្រ​ជំហរ​សន្ដិភាព​របស់​ចិន ប៉ុន្ដែ​ទីក្រុង​ប៉េកាំង​ត្រូវ​ទទួលស្គាល់ថា ជាមួយ​ការ​ពង្រីក​អំណាច នោះ​ក៏​ត្រូវ​ពង្រីក​ការទទួលខុសត្រូវ​ដែរ​។​“​ប្រសិនបើ​អ្នក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អំពាវនាវ​ឲ្យ​អន្ដរជាតិ​ធ្វើ​អាជ្ញាកណ្ដាល​ជុំវិញ​ជម្លោះ​ដែនទឹក ការពិត​ណាស់​ថា​អ្នកធំ​ជាង​ហ្វីលីពីន​និង​វៀតណាម​ឬ​ក៏​ប្រទេស​ដទៃ​ទៀត តែ​មិនមែន​មានន័យថា​អ្នក​អាច​ធ្វើ​អ្វី​បាន​តាមចិត្ដ ហើយ​បង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​តូចៗ​នោះទេ​។​អ្នក​ត្រូវ​គោរព​តាម​ច្បាប់​អន្ដរជាតិ​។​”​នេះ​ជា​សម្ដី​សង្កត់​ធ្ងន់​របស់​លោក​អូ​បា​ម៉ា​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​។​

 

​លោក​អូ​បា​ម៉ា​និយាយទៀតថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ច្បាប់​អន្ដរជាតិ ដើម្បី​កសាង​សណ្ដាប់ធ្នាប់​អន្ដរជាតិ​ឲ្យ​រឹងមាំ​។​“​កន្លែង​ណា​ដែល​យើង​មើលឃើញ​ថា​ពួកគេ​បំពាន​ច្បាប់​ឬ​បទដ្ឋាន​អន្ដរជាតិ ដូចដែល​បាន​ឃើញ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬក៏​ឥរិយាបថ​ណាមួយ​មិន​សមរម្យ​ទាក់ទង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ជា​ដើម យើង​នឹង​ចង្អុលបង្ហាញ​ប្រាប់​ពួកគេ​ថា ធ្វើ​យ៉ាងនេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​នឹង​ទទួល​ផល​លំបាក​មិនបាន​។​”​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​អូ​បាន​ម៉ា​។​

 

​សូមបញ្ជាក់​ថា ចិន​ជា​ប្រទេស​ហត្ថលេខី​ក្នុង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ ថ្មីៗ​នេះ​ទើបតែ​ចាញ់​ក្ដី​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​បាន​ប្ដឹង​កាលពី​ឆ្នាំ​២០១៣​។​កាលពី​ថ្ងៃ​ទី​១២​កក្កដា​ឆ្នាំ​២០១៦​នេះ តុលាការ​អាជ្ញាកណ្ដាល​អន្ដរជាតិ​ក្រុងឡាអេ​បាន​ចេញ​សេចក្ដីសម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន និង​បញ្ជាក់​ថា​ចិន​គ្មាន​ភស្តុតាង​ជា​ប្រវត្ដិសាស្ដ្រ​ណាមួយ មក​គ្រប់គ្រង​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ទេ​។​ប៉ុន្ដែ​ទីក្រុង​ប៉េកាំ​ង​បាន​បដិសេធ​ដាច់អហង្ការ លើ​សេចក្ដីសម្រេច​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ ដែល​ធ្វើឲ្យ​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង​រឹតតែ​តានតឹ​ង​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត